លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កម្ពុជាបោះជំហានមុនគេមួយជំហានទៀតក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ការយកអ្នកជំងឹកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសម្រេចឱ្យអ្នកជំងឹអាចសម្រាកព្យាបាលនៅតាមផ្ទះ ឬទីតាំងណាដែលពួកគាត់ជ្រើសរើសបាន។

ការសម្រេចនេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសកាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ណែនាំឱ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឹកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង បន្ទាប់ពីឃើញស្ថានភាពជំងឺនេះមិនមានសភាពធ្ងន់ធ្ងរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលប៉ុន្មានម៉ោងបន្ទាប់ពីសម្ដេចតេជោបញ្ចេញសារ ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតទាំងយប់ ដល់អ្នកជំងឹកូវីដ-១៩ បំប្លែងអូមីក្រុងទាំងអស់ដែលមានបំណងចង់សម្រាកព្យាបាលនៅផ្ទះវិញ ឬសណ្ឋាគារ គឺអាចចាកចេញពីមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឹកូវីដ-១៩ ទៅសម្រាកព្យាបាលនៅតាមទីតាំងដែលខ្លួនជ្រើសរើសបាន។

ក្នុងសេចក្ដីប្រកាសនោះបានសរសេរថា៖ «ក្នុងករណីដែលអ្នកជំងឺមានគេហដ្ឋានសមរម្យ អាចស្នាក់នៅព្យាបាលដាច់ដោយឡែកពីក្រុមគ្រួសារ និងត្រូវគោរពតាមនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឹកូវីដ-១៩ នៅតាមផ្ទះដោយមានការចូលរួមសហការរាយការណ៍ជូនដល់អាជ្ញាធរមូលដ្ឋាន» ។

ក្រៅពីអនុញ្ញាតឱ្យអ្នកជំងឹអាចទៅសម្រាកនៅផ្ទះរបស់ខ្លួនបាន ក្រសួងសុខាភិបាលក៏បានសម្រេចកែប្រែនីតិវិធីសម្រាប់ព្យាបាលជំងឹដល់អ្នកដំណើរចូលកម្ពុជាដែលរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងផងដែរ។

នីតិវិធីនោះគឺរាល់អ្នកដំណើរដែលរកឃើញវិជ្ជមានកូវីដ-១៩ អូមីក្រុងទាំងអស់ អាចជ្រើសរើសព្យាបាលជំងឺរបស់ខ្លួនបានដោយមិនតម្រូវឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឬមណ្ឌលព្យាបាលជំងឹកូវីដ-១៩ទៀតនោះទេ។ សម្រាប់ជនបរទេស អនុញ្ញាតឱ្យព្យាបាលនៅសណ្ឋាគារ ឬនិវេសនដ្ឋានរបស់ស្ថានទូត ឬទីកន្លែងដែលពួកគាត់ជ្រើសរើស ខណៈជនជាតិខ្មែរនឹងត្រូវអនុញ្ញាតឱ្យស្នាក់នៅព្យាបាលតាមផ្ទះ។

ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់បន្ថែមថា៖ «ដូចករណីអ្នកជំងឹកូវីដ-១៩ ប្រភេទអាល់ហ្វា ឬដែលតា ដែរ ដោយគោរពតាមនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។ ប្រសិនបើមានកត្តាហានិភ័យសុខភាព អ្នកជំងឺអាចធ្វើការជ្រើសរើសធ្វើការព្យាបាលនៅមន្ទីរពទ្យ ឬមណ្ឌលព្យាបាលជំងឹកូវីដ-១៩ រដ្ឋឬឯកជន ដែលទទួលបានការអនុញ្ញាតឱ្យព្យាបាលជំងឺកូវីដ-១៩» ។

កាលពីយប់ថ្ងៃទី២១ ខែមករា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសមួយស្ដីពីការសម្រេចរបស់សម្ដេចអនុញ្ញាតឱ្យអ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាចសម្រាកព្យាបាលនៅតាមផ្ទះ សណ្ឋាគារ ឬស្ថានទូត និងអនុញ្ញាតដល់អ្នកជំងឺកូវីដ ប្រភេទអូមីក្រុង ដែលកំពុងព្យាបាលទាំងអស់នៅតាមមន្ទីរពេទ្យរដ្ឋអាចចេញទៅព្យាបាលនៅផ្ទះបាន។ ការសម្រេចនេះគឺបន្ទាប់ពីសម្ដេចបានពិនិត្យឃើញថាទោះបីជាជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ឆ្លងលឿនក៏ប៉ុន្ដែស្រាលជាងមិនគ្រោះថ្នាក់បើប្រៀបធៀបជាមួយនឹង កូវីដ-១៩ បំប្លែងដែលតា និងអាល់ហ្វា។

កម្ពុជាគឺជាប្រទេសឈានមុខគេមួយក្នុងតំបន់និងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យប្រទេសនេះបើកសង្គមសេដ្ឋកិច្ចពេញលេញឡើងវិញតាំងពីថ្ងៃទី១ វិច្ឆិកា ឆ្នាំមុន។ គិតរហូតមកដល់ពេលនេះមានពលរដ្ឋកម្ពុជាប្រមាណជិត១៤លាននាក់រួចហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដែលស្មើនឹងជិត៩០ភាគរយនៃប្រជាជនសរុប១៦លាននាក់។

គិតត្រឹមថ្ងៃទី២០ ខែមករា កម្ពុជារកឃើញករណីឆ្លងជំងឹកូវីដ-១៩ សរុបប្រមាណ ១២ម៉ឺនករណី ក្នុងនោះជាសះស្បើយជាង១១ម៉ឺនករណី ស្លាប់ជាង៣ពាន់ករណី ខណៈរកឃើញករណីឆ្លងអូមីក្រុងជាង២ម៉ឺនករណីសុទ្ធតែជាករណីនាំចូល ខណៈចម្លងក្នុងសហគមន៍មានប្រមាណ ១៥២ករណី ទោះជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះកម្ពុជាពុំមានករណីស្លាប់ថ្មីដោយសារជំងឹកូវីដ-១៩នោះទេ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក