ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងពីសារៈសំខាន់នៃការឯកភាពរួមក្នុងទស្សនវិស័យជាខ្មែរដើម្បីជំរុញការដឹកនាំកសាងជាតិកាន់តែរីកចរើនឆ្ពោះទៅអនាគត។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រះសីហនុ និងស.ស.យ.ក ទូទាំងប្រទេស នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានបង្ហាញពីសុទិដ្ឋិនិយមចំពោះសមិទ្ធផលនានាកន្លងមក និងទៅអនាគត។
លោកមានប្រសាសន៍ថា ទោះប្រឈមនឹងហានិភ័យនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក គ្រប់រូបបានបង្ហាញយ៉ាងច្បាស់ពីការលះបង់សុខសុវត្ថិភាព អមដោយស្មារតីរួមសុខទុក្ខជាមួយប្រជាជន និងប្រជាជាតិនៅគ្រប់កាលៈទេសៈ។
លោកបានលើកឡើងថា៖ «បើទោះជាក្តីស្រមៃ ផ្នត់គំនិត និងការអនុវត្តរបស់យើងជាបុគ្គលម្នាក់ៗ តែងមានភាពខុសគ្នា តែយើងត្រូវខិតខំធ្វើយ៉ាងណាបណ្តុះ និងកសាងការឯកភាពលើទស្សនជាខ្មែរ សម្រាប់ចក្ខុវិស័យវែងឆ្ងាយរបស់សង្គមកម្ពុជា»។
បើតាមលោក ហ៊ុន ម៉ានី ទោះឈរលើមូលដ្ឋានស្ម័គ្រចិត្តក្ដី ប៉ុន្តែសកម្មភាពដែលសមាជិក សមាជិការបស់គ្រប់រូប បានចូលរួម និងសម្រេចបានជាបន្តបន្ទាប់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់បំផុតរបស់រចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់របស់សហព័ន្ធដែលបង្ហាញពីការរួបរួមនិងការគិតប្រយោជន៍ជាតិជាធំ៕