ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ូយ ថាញ់សឺន បានកត់សម្គាល់ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផល ជាវិជ្ជមានដែលសម្រេចបានដោយគណៈកម្មការព្រំដែនចម្រុះ (JBC) ក្នុងការបោះបង្គោល និងកំណត់ ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ។ ប្រមុខការទូតនៃប្រទេសទាំងពីរបានសន្យាធ្វើការជាមួយគ្នាស្វែងរកដំណោះស្រាយបង្គោលព្រំដែនដែលនៅសល់ផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ប៊ូយ ថាញ់សឺន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា៖ «ចំពោះកិច្ចការព្រំដែន ភាគីទាំងពីរបានកត់សម្គាល់ដោយបាវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលសម្រេចបានដោយគណៈកម្មការព្រំដែនចម្រុះ (JBC) ក្នុងការបោះបង្គោល និងកំណត់ខណ្ឌសីមាព្រំដែន ព្រមទាំងបានស្វាគមន៍ចំពោះកំណត់ហេតុរវាងប្រធានគណៈកមុ្មការព្រំដែនចម្រុះដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដែលភាគីទាំងពីរ បានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន ទាំងសងខាង ចំពោះព្រំដែនគោកដែលនៅសេសសល់ប្រមាណ ១៦%»។
ក្រៅពីនេះភាគីទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាមនាពេលថ្មីៗនេះពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (19 JC) ដែលរដ្ឋមន្ត្រីការបរទេសទាំងពីរបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនៅពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១តាមប្រព័ន្ធវីដេអូ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្សាភ្ជាប់នូវសារសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងរវាងភាគីទាំងពីរ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនានា និងការសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ។
ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមសម្រេចបានប្រមាណ៨៤%កាលពីខែតុលា ឆ្នាំ២០១៩ហើយ ខណៈនៅសល់ប្រមាណ១៦%ទៀតកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាស្វែងរកដំណោះស្រាយ ដែលប្រទេសទាំងពីរខិតខំបញ្ចប់ការបោះបង្គោលព្រំដែនឱ្យបានឆាប់ពេញលេញ ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍទៅវិញទៅមករវាងប្រជាជនទាំងពីរ៕