ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សារមន្ទីរទួលស្លែងទទួលបានពានរង្វាន់ទីតាំងទេចរណ៍ប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ បន្ថែមលើពានរង្វាន់មួយចំនួនដែលកម្ពុជាទទួលបានទាក់ទងនឹងទីក្រុងទេសចរណ៍ស្អាត នៅសារមន្ទីរទួលស្លែងនៅរាជធានីភ្នំពេញក៏ទទួលបានពានរង្វាន់មួយដែរនោះគឺរង្វាន់ទីតាំងទេសចរណ៍ប្រកបដោយនិរន្តរភាព។

ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានលើគេហទំព័រហ្វេសប៊ុករបស់សារមន្ទីរទួលស្លែងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កន្លងមកនេះ ខាងសារមន្ទីរបានអះអាងបញ្ជាក់ថា តាមរយៈការជ្រើសរើសពីគណកម្មការវាយតម្លៃអាស៊ាន សារមន្ទីរប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញមួយនេះទទួលបានពានរង្វាន់ជា “ទីតំាងទេសចរណ៍ប្រកបដោយនិរន្តរភាព”។

ខាងសារមន្ទីរទួលស្លែងបានរៀបរាប់ថា៖ «អំឡុងពេលនៃការបើកទំព័រថ្មីនៃឆ្នាំ២០២២ និងការអនុញ្ញាតឲ្យបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា សារមន្ទីរមានកិត្តិយសទទួលពានរង្វាន់ នេះជាមោទនភាពមួយរបស់សារមន្ទីរ ដែលទទួលបាននូវការទទួលស្គាល់កម្រិតតំបន់មួយទៀតក្នុងវិស័យទេសចរណ៍»។

បើតាមប្រភពព័ត៌មានដដែល ការទទួលបានពានរង្វាន់របស់សារមន្ទីរទួលស្លែងនាពេលនេះ គឺស្ថិតក្រោមការជួយជ្រោមជ្រែងពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍។

ខាងសារមន្ទីរទួលស្លែងបានបន្ថែមថា៖ «សារមន្ទីរមិនភ្លេចអរគុណដល់មន្ត្រី និងបុគ្គលិកទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការរៀបចំថែរក្សាអនាម័យ និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យទេសចរចូលទស្សនាប្រកបដោយផាសុខភាព និងទំនុកចិត្ត»។

សូមបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ រម្លឹកអំពីការចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១ (ហៅកាត់ថា «ស.២១») នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត (ឈ្មោះដើម សាឡុតស) ពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។

មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងសម្លាប់ក្រោយពេលបានបំពេញសំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើង និងសាកសពជនរងគ្រោះចំនួន១៤នាក់ (ក្នុងនោះមានស្រ្ដីចំនួន១នាក់) តាំងជាពិពណ៌ជូនភ្ញៀវជាតិ និងអន្ដរជាតិទស្សនា។

បន្ថែមលើការទទួលបានពានរង្វាន់របស់សារមន្ទីរទួលស្លែង តាមរយៈវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរៀបចំឡើងក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» ចំណោមទីក្រុងទាំង២១ ដែលទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ កម្ពុជាមានក្រុង៣ដែលបានជាប់ចំណាត់ថ្នាក់។ ក្រុងទាំងនោះរួមមានទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប។ នៅក្នុងកម្មវិធីនេះ ប្រទេសសមាជិកអាស៊ានបានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ ប៉ុន្តែប្រទេសកម្ពុជាបានប្រកាសបើកប្រទេសទាំងស្រុង និងខិតខំផ្សព្វផ្សាយប្រទេសរបស់ខ្លួនជាគោលដៅទេសចរណ៍សុវត្ថិភាពទូទាំងប្រទេសតែម្តង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក