រុស្ស៊ី៖ ឧទ្ធម្ភាគចក្រប្រយុទ្ធ និងឈ្លបយកការណ៍ប្រភេទ Ka-52 "Alligator" ត្រូវបានគេមើលឃើញជាលើកដំបូង ក្នុងអំឡុងពេលធ្វើតេស្តហោះហើរ ដែលធ្វើឡើងដោយកងទ័ពអាកាសរុស្ស៊ី នៃតំបន់យោធាភាគខាងត្បូង នៅឯអាកាសយានដ្ឋានយោធា ក្នុងតំបន់ Rostov ក្បែរព្រំដែនអ៊ុយក្រែន ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធនេះ។
ឧទ្ធម្ភាគចក្រថ្មីនេះគឺជាការធ្វើទំនើបកម្មនៃប្រភេទ KA-50 'Black Shark' ចាស់។ យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះចម្បាំងចុងក្រោយបង្អស់ និងប្រព័ន្ធថ្មីៗនេះនឹងអនុញ្ញាតឱ្យចូលរួមក្នុងការប្រយុទ្ធគ្រប់ពេលវេលាក្នុងលក្ខខណ្ឌអាកាសធាតុណាមួយ។
ការដាក់ពង្រាយឧទ្ធម្ភាគចក្រ Ka-52 "Alligator" ថ្មីនេះកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំង នៅតាមព្រំដែនអ៊ុយក្រែន ជាកន្លែងដែលរុស្ស៊ីបានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ ដែលមានភាគីជាច្រើនបារម្ភថានឹងមានការបើកការប្រយុទ្ធគ្នាក្នុងពេលឆាប់ៗនេះ ហើយក៏មានការព្រមានពីលោកខាងលិចផងដែរ។
ជាមួយគ្នានេះអ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃអង្គារដោយព្រមានថា "ស្ថានការណ៍ដ៏គ្រោះថ្នាក់បំផុត" កំពុងកើតមានឡើងនៅតាមព្រំដែនអ៊ុយក្រែន ដោយអាមេរិកជឿជាក់ថា រុស្ស៊ីអាចចាប់ផ្តើមការឈ្លានពានអ៊ុយក្រែននៅពេលណាមួយ។
សហរដ្ឋអាមេរិក និងរុស្ស៊ីក៏បានជួបពិភាក្សាគ្នាក្នុងខែនេះ ដែលបានបរាជ័យក្នុងការដោះស្រាយការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរ បន្ទាប់ពីប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពជាង ១០ម៉ឺននាក់នៅតាមព្រំដែនអ៊ុយក្រែន។ អាមេរិកបានព្រមានរុស្ស៊ីពី ផលវិបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើខ្លួនឈ្លានពានអ៊ុយក្រែន រួមទាំង ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ៕