រដ្ឋមន្ត្រី វង សូត កោតសរសើរចំពោះលទ្ធផលនៃការសិក្សារបស់សិស្សក្នុងស្រុកពញាក្រែក និងស្រុកកំចាយមារ
ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតទាំងអស់ដែលបានខិតខំជួយបណ្ដុះបណ្ដាលសិស្សឱ្យរៀនសូត្របានយ៉ាងល្អ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះក្នុងពេលសំណេះសំណាលជាមួយសិស្សទូទាំងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងវិទ្យាល័យជាច ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១។
ស្រុកពញាក្រែក ខេត្តត្បូងឃុំ មានបេក្ខជនមកប្រឡងបាក់ឌុបសរុបចំនួន ៩៨៤នាក់ ក្នុងនោះបេក្ខជនប្រលងជាប់៦៧៦នាក់ ស្មើនឹង ៦៨.៧០% ដែលមានបេក្ខជននិទ្ទេសA ចំនួន៨នាក់ និទ្ទេសB ចំនួន២៩នាក់ និទ្ទេសC ចំនួន១១៨នាក់ ខណៈសិស្សមកស្រុកកំចាយមារ ខេត្តព្រៃវែង មាននិទ្ទេស A ចំនួន២នាក់ និទ្ទេសB ចំនួន៥នាក់ និទ្ទេសC ចំនួន១១នាក់។
លោករដ្ឋមន្ត្រី បានលើកឡើងថា លទ្ធផលដែលសិស្សានុសិស្សសម្រេចបាននាពេលនេះ គឺបានមកពីការខិតខំរបស់ក្មួយៗ មាតា បិតា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺបរិយាកាសសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមពេញលេញ បង្កលក្ខណល្អប្រសើរដល់សិស្សបានចូលរៀនកសាងសមត្ថភាពខ្លួនឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ជាអ្នកសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួននាពេលអនាគត។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានធ្វើការអប់រំណែនាំដល់សិស្សានុសិស្សឱ្យបន្តសិក្សាស្រូបយកចំណេះដឹង និងបទពិសោធន៍ ទុកជាពុទ្ធិសម្រាប់យកទៅពង្រឹង និងពង្រីកសមត្ថភាពបន្ថែមនាពេលអនាគត។
សូមជម្រាបជូនថា បេក្ខជនដែលប្រឡងជាប់និន្ទេសA ចំនួន១០នាក់ក្នុងម្នាក់ៗទទួលបានថវិកា៥០០$ និទ្ទេសB ចំនួន៣៤នាក់ ក្នុងម្នាក់ៗទទួលបានទូរស័ព្ទដៃមួយគ្រឿង និទ្ទេសC ចំនួន១២៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល សម្រាប់និទ្ទេសDនិងEម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល៕