ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាប្រកាសថា ក្នុងឆ្នាំ២០២១មូលនិធិទទួលបានថវិកាបរិច្ចាគសរុបជាង១៩លានដុលានដុល្លារអាមេរិកក្នុងនោះ ៦ ៣១៨ ៤៦៥ជាប្រាក់ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ជាប្រាក់រៀល ដែលស្មើនឹងជាង១៣លានដុល្លារ។ បើធៀបទៅនឹងមូលនិធិដែលប្រមូលបានក្នុងឆ្នាំ២០២០ មូលនិធិក្នុងឆ្នាំ២០២១ មានការថយចុះប្រមាណ ១លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ មូលនិធីគន្ធបុប្ផាបានផ្ទេរទឹកប្រាក់ចំនួនជិត៤លាន៦សែនដុល្លាររួចហើយដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងនៅកម្ពុជា ដើម្បីរក្សានិរន្តភាពនៃកិច្ចដំណើរការក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជាដោយឥតគិតថ្លៃ។
“មូលនិធិគន្ធបុប្ផាកម្ពុជា” ត្រូវបានបង្កើតឡើងដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរនូវអំណោយ ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានាសម្រាប់គោលដៅនៃការធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។
កាលពីឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលវិភាគទានសប្បុរសធម៌សរុបចំនួនប្រមាណ២១លានដុល្លារ ក្នុងនោះវិភាគទានពីរាជរដ្ឋាភិបាលចំនួន ៤០ ប៊ីលានរៀល ការកាត់កម្រៃពីសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ចំនួន ២លានដុល្លារអាមរិក វិភាគទានពីកាកបាទក្រហម ចំនួន ១ លានដុល្លារអាមេរិក និងថវិកាបរិច្ចាគពីសប្បុរសជន ទូទៅចំនួនប្រមាណ៤លានដុល្លារអាមេរិក៕