ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី «កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃភាពជាដៃគូ អ៊ុយប៊ែរ៍ គួររ្រៀង (Huber Curien) ទន្លេសាប» ដើម្បីជំរុញគាំទ្រ លើកទឹកចិត្ត ផ្លាស់ប្ដូរគំនិតរវាងអ្នកស្រាវជ្រាវកម្ពុជា-បារាំង។
កិច្ចសហប្រតិបត្តិការណ៍នេះនៃនឹងផ្ដល់ការឧបត្ថម្ភដល់ការធ្វើដំណើរបេសកម្ម និងការស្នាក់នៅរបស់អ្នកសា្រវជ្រាវពីបារាំងមកកម្ពុជា និងពីកម្ពុជាទៅបារាំង ដើម្បីបន្តអភិវឌ្ឍគម្រោងស្រាវជ្រាវលើវិស័យអទិភាពមួយចំនួនដែលរួមមាន សេដ្ឋកិច្ចនិងបច្ចេកវិទ្យាឌីជីថល កសិកម្ម ជីវវិទ្យា វិទ្យាសាស្ត្រនិងថាមពល វិទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រមនុស្សជាតិនិងសង្គម និងគរុកោសល្យនវានុវត្តន៍។
ក្រសួងអប់រំបញ្ជាក់ថា ចាប់ពីឆ្នាំ២០២២នេះតទៅនឹងមានការប្រកាសជ្រើសរើសបេក្ខភាពគម្រោងដើម្បីកំណត់រកនូវសំណើរគម្រោងការស្រាវជ្រាវ និងនាវានុវត្តន៍ប្រកបដោយគុណភាព រវាងស្ថាប័នស្រាវជ្រាវនិងគ្រឹះសា្ថនឧត្តមសិក្សានៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសបារាំងដំណាលគ្នាដែលមានន័យថាភាគីទាំងពីរត្រូវមានពិភាក្សាគ្នាជាមុន មុននឹងដាក់ពាក្យស្នើសុំថវិការគាំទ្រពីកម្មវិធីភាពជាដៃគូ Huber Curien ទន្លេសាប។
បើតាមក្រសួងអប់រំ គម្រោងនៃការស្រាវជ្រាវនេះនឹងផ្ដល់ជូន នូវជើងយន្តហោះធ្វើដំណើរពីកម្ពុជាទៅបារាំង ទីកន្លែងស្នាក់នៅ ប្រាក់បំណាច់ និងការធ្វើដំណើរក្នុងស្រុក។
ក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា៖ «ជាគោលការណ៍ចម្បងគឺកម្មវិធីភាពជាដៃគូ Huber Curien ទន្លេសាប នៅពេលដែលសមភាគី បារាំងបានមកដល់កម្ពុជា ហើយសមភាគីកម្ពុជាបានទៅដល់បារាំង ពួកគេអាចធ្វើការរួមគ្នាដោយផ្ទាល់នៅលើទីវាល មន្ទីរពិសោធន៍ ការជួបប្រាស្រ័យទាក់ទងនឹងស្ថាប័នពាក់ព័ន្ធដទៃ ក៏ដូចជារួមគ្នាបង្កើតគម្រោងស្រាវជ្រាវដែលរឹងមាំមួយសម្រាប់អនុវត្តនាពេលអនាគត» ៕