អន្តរជាតិ៖ គិតមកត្រឹមពេលនេះមានតែ៧%ប៉ុណ្ណោះនៃចំនួនប្រជាជនក្នុងតំបន់អាហ្រ្វិក បានទទួលវ៉ាក់សាំង COVID-19 ដូសមូលដ្នានចំនួនពីរដូស ដែលនេះជាចំនួនទាបមួយបើតាមនាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Mike Ryan បាននិយាយកាលពីថ្ងៃអង្គារ។
ថ្លែងក្នុងអំឡុងវេទិកា ស្តីពីសមភាពវ៉ាក់សាំងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក លោក Mike Ryan បានសង្កត់ធ្ងន់ថា៖ «យើងកំពុងទុកចោល ផ្នែកដ៏ធំនៃពិភពលោកដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់» ។
នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺប្រចាំទ្វីបអាហ្រ្វិក លោក John Nkengasong បាន និយាយថា ការលំបាកក្នុងកិច្ចសហប្រតិបត្តិការណ៍ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងពេល២ឆ្នាំនេះបានបង្កការលំបាកមួយដែលធ្វើឱ្យការចាក់វ៉ាក់សាំងនៅក្នុងតំបន់អាហ្រ្វិកមិនអាចសម្រេចបាននេះ។
នាយកប្រតិបត្តិនៃសម្ព័ន្ធGAVI លោក Seth Barkley បាននិយាយថា បញ្ហាប្រឈមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាក់ទងនឹងរឿងវ៉ាក់សាំងនោះគឺបញ្ហាសម្ភារៈគាំទ្រ ហិរញ្ញវត្ថុ និងពេលវេលារៀបចំផែនការដើម្បីចាក់វ៉ាក់សាំង។
ទោះបីយ៉ាងណាក៏ដោយបើតាមការលើកឡើងរបស់ GAVI ដែលជាសម្ព័ន្ធវ៉ាក់សាំងដែលសហការគ្រប់គ្រង COVAXឲ្យដឹងថា ខ្លួនកំពុងស្វែងរកមូលនិធិបន្ថែមទៀតដើម្បីឈានដល់គោលដៅរបស់ WHO ក្នុងការចាក់វ៉ាក់សាំង ៧០% នៃចំនួនប្រជាជននៅក្នុងប្រទេសក្រីក្រត្រឹមខែកក្កដា។ ទ្វីបអាហ្រ្វិក គឺជាទ្វីបមួយដែលមានប្រជាជន ១,២ ពាន់លាននាក់។