ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការពង្រឹងពាណិជ្ជកម្ម និងបញ្ហាសមុទ្រចិនខាងត្បូងជាអ្វីដែលរដ្ឋមន្ត្រីការបរទេសវៀតណាមពិភាក្សាជាមួយសម្ដេចតេជោ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ូយ ថាញ់សឺន បានលើកពីចំណុចសំខាន់ៗមួយចំនួនក្នុងទំនាក់ទំនាក់រវាងកម្ពុជា-វៀតណាម ជាពិសេសការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការងារការទូត និងបញ្ហាសមុទ្រចិនខាងត្បូង ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកនេះ។

ក្នុងជំនួបជាមួយសម្ដេចតេជោនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះលោក ប៊ូយ ថាញ់សឺន បានលើកឡើងពីទំនាក់ទំនងប្រទេសជិតខាងកម្ពុជាវៀតណាមដែលបានថែរក្សាបានយ៉ាងល្អជាមួយគ្នាអស់រយៈពេល៥៥ឆ្នាំមកហើយ។ លោកបន្ថែមថាដើម្បីអបអរខួប៥៥ឆ្នាំនៃទំនាក់ទំនងនេះ វៀតណាមសង្ឃឹមថានឹងបន្តធ្វើការជាមួយកម្ពុជាដើម្បីជំរុញដល់កម្លាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែខ្លាំងបន្ថែមទៀត។

ក្នុងពេលដែលកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ លោក ប៊ូយ ថាញ់សឺន បានប្រកាសគាំទ្រភាពជាអ្នកដឹកនាំអាស៊ានរបស់កម្ពុជា ជាពិសេសការលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូងដែលសម្ដេចចង់ឱ្យមានការប្រារព្ធខួបលើកទី២០នៃ សេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ក៏ដូចជាការចរចារឱ្យមានក្រមសីលធម៌នៅសមុទ្រចិនខាងត្បូងផងដែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបរវាងសម្ដេចតេជោ និងលោក ប៊ូយ ថាញ់សឺនថា៖ «ក្រៅពីនេះទៀតគឺឯកឧត្តមក៏បានលើកអំពីសារៈសំខាន់នៃសមុទ្រចិនខាងត្បូងជាពិសេសឆ្នាំនេះ២០២២ ជាខួបលើកទី២០នៃDOC ផងដែរ ហើយវៀតណាមនឹងគាំទ្រការជំរុញនូវCOC។ ឯកឧត្តមក៏បានគូសបញ្ជាក់ថាវៀតណាមពិតជាទទួលយកក៏ដូចជាអបអរសាទរសម្ដេចតេជោនាយករដ្ឋមន្ត្រីនូវអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកកន្លងមកជុំវិញអាស៊ាននេះ» ។

ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាវៀតណាមបច្ចុប្បន្នមានទំហំប្រមាណ ១០ពាន់លានដុល្លារអាមេរិក។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងជំនួបនោះដោយសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដែលបានផ្ដល់ប្រយោជន៍ដល់ប្រទេសទាំងពីរជាច្រើន។ សម្ដេចតេជោ ថាអ្វីដែលធ្វើឱ្យទំនាក់ទំនងនេះរីកចំរើននិងផ្ដល់ប្រយោជន៍បែបនេះគឺដោយសារមានព្រំដែនប្រកបដោយសន្ដិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ដោយជំរុញឱ្យបន្តរក្សានូវស្ថានភាពនេះឱ្យបានគង់វង្សផងដែរ។ ជាមួយគ្នានោះ សម្ដេចតេជោ បានជំរុញឱ្យមានការតភ្ជាប់ផ្លូវដែកកម្ពុជា-វៀតណាមនាពេលខាងមុខដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងវិញ សម្ដេចតេជោបានបញ្ជាក់ថា អគ្គលេខាធិការអាស៊ានលោក លឹម ចុក ហ៊ុយ បានផ្ដល់ទីតាំងនៃអគ្គលេខាធិការអាស៊ានដែលមានទីតាំងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី សម្រាប់ការចរចា និងការប្រជុំ COC សមុទ្រចិនខាងត្បូង ខណៈសម្ដេចបញ្ជាក់ថានឹងផ្ដល់សណ្ឋាគារធំមួយនៅក្រុងភ្នំពេញដើម្បីចរចាររឿងនេះផងដែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានប្រាប់អ្នកសារព័ត៌មានថា៖ «ដោយសារឆ្នាំនេះជាខួបទី២០នៃDOC ដូច្នេះហើយសំខាន់គឺខិតខំធ្វើការងារឱ្យបានជោគជ័យផងដែរនាពេលខាងមុខនេះ» ។

ក្នុងឆ្នាំ២០០២ក្នុងពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ចិនបានចុះហត្ថលេខាលើ "សេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង" ដែលកំណត់ដំណាក់កាលសម្រាប់ក្រមសីលធម៌ផ្លូវការត្រូវអនុវត្តតាម។ លក្ខខណ្ឌនៃការប្រកាសត្រូវបានបង្កើតឡើងដោយប្រទេសហត្ថលេខីគ្រាន់តែបានសន្យាដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និង "អនុវត្តការអត់ធ្មត់ដោយខ្លួនឯងក្នុងការធ្វើសកម្មភាពដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះ និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព"។

ជម្លោះសមុទ្រចិនខាងត្បូងបានចាប់រូបរាងឡើងកាន់តែខ្លាំងក្នុងអំឡុងឆ្នាំ២០១៣ នៅពេលដែលប្រទេសចិនចាប់ផ្ដើមសាងសង់ប្រជុំកោះ Spartly និងកោះប៉ារ៉ាសែល។ ប្រទេសអាស៊ានចំនួន៥ដែលរួមមាន ភីលីពីន ព្រុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម សុទ្ធតែជាប្រទេសដែលមានជម្លោះមួយចិន ដោយសារទាក់ទងនឹងការធ្វើដំណើរនាវាចរណ៍ និងពាណិជ្ជកម្មដែលមានតម្លៃមហាសាលក្នុងដែនសមុទ្រនេះ។

ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីដំណោះស្រាយ៣ចំណុចដើម្បីស្វែងរកដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង គឺការអនុវត្តន៍នូវសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង ការសម្របសម្រួលចរចាស្វែងរកបញ្ហារវាងអាស៊ាន-ចិន និងធ្វើឱ្យសម្រេចនូវក្រមសីលធម៌សមុទ្រចិនខាងត្បូងឱ្យបាន។ ទោះជាយ៉ាងណាក៏ដោយសម្ដេចតេជោបានប្រាប់ទៅអន្តរជាតិកុំឱ្យបន្ទោសកម្ពុជាឱ្យសោះប្រសិនមិនអាចរកដំណោះស្រាយចេញ ព្រោះបញ្ហាសមុទ្រចិនខាងត្បូងនេះគ្មានប្រទេសជាប្រធានអាស៊ានណាមួយអាចដោះស្រាយចេញនៅឡើយទេរហូតមកដល់ពេលនេះ តែក៏កុំមើលងាយកម្ពុជាផងដែរដោយសម្ដេចប្រាប់ឱ្យចាំមើលការអនុវត្តរបស់កម្ពុជាជាមុនសិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក