ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថាបរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ ២០២១កន្លងទៅនេះមានចំនួនកើនឡើងប្រមាណជាង២០%បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០។
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន ចំនួនអន្ទាក់ដែលឧទ្យានុរក្សបានដោះក្នុងឆ្នាំ២០២១កន្លងទៅមានប្រមាណ ៦១ ៦១១អន្ទាក់ ខណៈនៅឆ្នាំ២០២០ដោះបានចំនួន ៤៣ ២៧០អន្ទាក់។ លោក នេត្រ ភក្ត្រា បានលើកឡើងថាបញ្ហាអន្ទាក់បានគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទជាពីសេសសត្វជើងជំពាម។
លោកថា៖ «កត្តាដែលគំរាមកំហែងខ្លាំងចំពោះសត្វព្រៃ គឺអន្ទាក់ដែលជាឃាតកលាក់មុខ។ ដោយសារតែសម្ភារសម្រាប់ធ្វើអន្ទាក់មានលក់នៅលើទីផ្សារ និងមានតម្លៃថោក ចំនួនអន្ទាក់ត្រូវបានប៉ាន់ស្មានថា មានការកើនឡើង ហើយនៅអាស៊ីមានអន្ទាក់ ប្រមាណ ជាង ១២លានអន្ទាក់ត្រូវបានលួចដាក់ក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី»។
តាមរយៈការដោះអន្ទាក់នេះ សត្វព្រៃជាច្រើនក្បាលត្រូវបានសង្គ្រោះនៅនឹងកន្លែងនិងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយចំពោះសត្វព្រៃ ដែលរងរបួស ឬសុខភាពមិនអំណោយផល ក្រុមមន្ត្រីឧទ្យានុរក្សអាចទាក់ទងក្រុមមន្ត្រីជំនាញពេទ្យសត្វដើម្បី យកមកថែរក្សានិងព្យាបាលឱ្យជាសះស្បើយ មានសុខភាពល្អ មុននឹងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ។
ក្រៅពីអន្ទាក់ដែលបានបង្កគ្រោះថ្នាក់សម្លាប់សត្វព្រៃ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃប្រើប្រាស់ សម្រាប់ការប្រមាញ់សត្វព្រៃចំនួន ៧៥៨ដើមត្រូវបានដកហូតនៅឆ្នាំ២០២១ ដែលប្រហាក់ប្រហែលនឹងឆ្នាំ២០២០ដែរ។
លោក នេត្រ ភក្ត្រា អំពាវនាវដល់ប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ ដើម្បីចូលរួមអភិរក្ស និងទប់ស្កាត់ការបរបាញ់និងប្រមាញ់សត្វព្រៃ៕