ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជាថវិកាសរុប ៧២៨ ៥០១ដុល្លារអាមេរិក សម្រាប់គម្រោងការពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ដើម្បីអនុវត្តការវះកាត់កុមារ និងការកែលម្អបរិស្ថានសិក្សាតាមរយៈការសាងសង់សាលាបឋមសិក្សាក្នុងខេត្តចំនួន ៣ ដែលរួមមានខេត្តក្រចេះ កំពង់ចាម និងខេត្តបាត់ដំបង។
គម្រោងទាំង៣នេះគម្រោងសម្រាប់សល្យសាស្រ្តកុមារ ប្រចាំខេត្តក្រចេះ ចំនួន ១២៥ ០១២ ដុល្លារអាមេរិដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDE) គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ក្នុងខេត្តកំពង់ចាម នូវថវិកាចំនួន ២០០ ៩០៦ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ) និងគម្រោងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សាតាមរយៈការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា ក្នុងខេត្តបាត់ដំបង ថវិកាចំនួន ៤០២ ៥៨៣ ដុល្លារអាមេរិក ដល់អង្គការសន្តិស្ម័គ្រចិត្ត (SVA)។
កិច្ចសន្យាផ្ដល់ជំនួយនេះត្រូវបានធ្វើឡើងដោយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ជាមួយតំណាងអង្គការទទួលជំនួយទាំងបីនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះក្នុងស្ថានទូតជប៉ុន នៅរាជធានីភ្នំពេញ៕