អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងហ្សឺណែវនៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ បន្ទាប់ពីដំណើរទស្សនកិច្ចជាមួយមេដឹកនាំអ៊ុយក្រែននៅទីក្រុងគៀវនិងមន្ត្រីអឺរ៉ុបនៅទីក្រុងប៊ែរឡាំង។
ការធ្វើដំណើរទៅនេះគឺចំពេលមានការព្រួយបារម្ភដែលលើកឡើងដោយអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចជុំវិញទាហានរុស្ស៊ីរាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំនៅក្នុង និងក្បែរអ៊ុយក្រែន។ លោក Antony Blinken ថាសហរដ្ឋអាមេរិកចង់រក្សាបាននូវសន្ដិភាព។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន មានអំណាចរបស់គាត់ក្នុងការចាត់វិធានការដើម្បីកាត់បន្ថយកម្តៅក្នុងវិបត្តិនេះ»។
ទោះបីយ៉ាងណា រុស្សីក៏បានចេញមកបដិសេធរួចហើយចំពោះការរៀបចំផែនការយោធាដើម្បីធ្វើសកម្មភាពណាមួយនោះ ប៉ុន្តែរុស្សីបានបញ្ជាក់ខ្លីមួយមាត់ថា ខ្លួនអាចចាត់វិធានការយោធាដែលមិនជាក់លាក់ លុះត្រាតែលោកខាងលិចយល់ព្រមនឹងសំណើរទាក់ទងនឹងអង្គការណាតូរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា លោក Blinken នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy និងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba នៅថ្ងៃពុធនេះ។ មុននឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ Annalena Baerbock នៅទីក្រុងប៊ែរឡាំង។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ការពិភាក្សានឹងផ្តោតជាផ្នែកលើការត្រៀមខ្លួនក្នុងចំណោមសម្ព័ន្ធមិត្តដើម្បីដាក់ «ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើរុស្ស៊ី បើសិនទីក្រុងម៉ូស្គូចេញសកម្មភាព»។