ភ្នំពេញ៖ សមត្ថកិច្ចនាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយកុមារីជនរងគ្រោះ អំពីករណីរំលោភសេពសន្ថវៈ ពីសំណាក់ឪពុកចុងមកលើកូន ដើមរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ។
បើតាម លោកអនុសេនីយ៍ឯក រស់ ណាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្យចិន្តា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានរបស់ EAC នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ថា ម្តាយរបស់ក្មេងស្រីរងគ្រោះបាននាំកូនស្រីមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពេជ្យចិន្តា ស្ថិតនៅភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បន្ទាប់មកសមត្ថកិច្ចក៏ឈានទៅស្វែងរកជនសង្ស័យ រហូតចាប់ខ្លួនបានដល់វង់ផឹកស៊ីតែម្តង។ លោក រស់ ណាង បានរៀបរាប់ថា មូលហេតុសំខាន់ដែលជម្រុញឲ្យម្តាយជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ប្តីក្រោយរបស់ខ្លួន ព្រោះស្ត្រីរូបនេះបានសង្ស័យលើអាការៈប្រែប្រួលខុសប្រក្រតីរបស់កូនខ្លួន ហើយជជីកសួររហូតក្មេងព្រមនិយាយការពិត។
ក្នុងពាក្យបណ្ដឹងស្ត្រីជាម្តាយបានបញ្ជាក់ថា កូនស្រីរបស់ខ្លួនត្រូវឪពុកចុងនាងចាប់រំលោភប្រមាណ ១២លើករួចមកហើយ។ រហូតបច្ចុប្បន្នរូបនាងមានផ្ទៃពោះប្រមាណជាងមួយខែទៀតផង ប៉ុន្តែក្មេងស្រីរងគ្រោះមិនហ៊ានប្រាប់ម្តាយ ដោយខ្លាចការគំរាមរបស់ជនសង្ស័យ ថារូបគេនឹងសម្លាប់នាងចោលប្រសិនបើហ៊ានធ្វើឱ្យបែកការណ៍សម្ងាត់នេះ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្យចិន្តាបានអះអាងថា៖ «ក្មេងគ្នាមានការភិតភ័យ ហើយក្មេងគ្នានៅតូច គ្នាអត់ដឹងអី ដល់ពេលចឹងទៅ ដល់ពេលម៉ែវាមានការសង្ស័យ ព្រោះឃើញកូនអត់ហូបបាយ អត់ហូបទឹក មើលទៅដូចស្កេកស្លាំងដូចអី ហើយឃ្លានតែម្ជូ ចេះតែក្អួតចង្អោរចឹងទៅ។ ម៉ែចេះតែសង្ស័យ ក៏ជជីកសួរកូនទៅ ក៏កូនឆ្លើយថា ឪពុកត្រូវជាប្តីរបស់ម៉ែ(ឪពុកចុង)ហ្នឹងចាប់អីចឹងណា»។
លោកអនុសេនីយ៍ឯក រស់ ណាង បានបញ្ជាក់បន្ថែមថា ក្មេងស្រីរងគ្រោះឈ្មោះ ឌ. ស. ភ អាយុ ១៤ឆ្នាំ គឺជាកូនស្រីទីមួយក្នុងចំណោមបងប្អូនស្រីចំនួនបីនាក់។ ឯជនសង្ស័យជាឪពុងចុងមានឈ្មោះ ប៊ុត រឿត អាយុ ៥២ឆ្នាំ ប្រកបរបរជាកសិករ ប៉ុន្តែក្រុមគ្រួសារខាងលើពុំមែនជាពលរដ្ឋរស់ក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងឡើយ។ គ្រួសាររបស់ក្មេងស្រីរងគ្រោះខាងលើ តែងផ្លាស់ទីលំនៅញឹកញាប់រស់គ្រប់ទីកន្លែង ដើម្បីស៊ីឈ្នួលដកដំឡូង រឺច្រូតស្រូវជាដើម។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្យចិន្តា លោកអនុសេនីយ៍ឯក រស់ ណាង បានថ្លែងបញ្ជាក់ថា សំណុំរឿងរំលោភសេពសន្ថវៈខាងលើបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មកម្លេះ ហើយមន្ត្រីជំនាញក៏បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តទោសតាមច្បាប់ផងដែរ។
តាមក្រមព្រហ្មទណ្ឌ មាត្រា២៣៩ ចែងថា បទរំលោភសេពសន្ថវៈ គឺសំដៅដល់ គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍មួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឱកាស។ នៅកម្ពុជា បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។ បើជនល្មើសរំលោភភេទលើកុមារ ឬស្ត្រីមានផ្ទៃពោះ ឬក៏ជនរងគ្រោះដែលមានវិបល្លាសស្មារតី ជនល្មើសនោះអាចត្រូវជាប់គុកចាប់ពី ៧ទៅ ១៥ឆ្នាំ ហើយអាចឈានដល់ជាប់គុក៣០ឆ្នាំ ឬមួយជីវិត បើរកឃើញថាមានស្ថានទម្ងន់ទោសផ្សេងទៀត៕