អគ្គលេខាធិការបក្សហ៊្វុនស៊ិនប៉ិចបង្គំគាល់សម្ដេច នរោត្តម អរុណរស្មី គាំទ្រព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានបក្ស
ភ្នំពេញ៖ បញ្ហាចម្រូងចម្រាស់នៃតំណែងប្រធានបក្សហ្វ៊ុនស៊ិនប៉ិចពេលនេះកំពុងត្រូវបានគេមើលឃើញថាកំពុងនៅជាប់គាំងនៅឡើយខណៈសមាជរបស់បក្សនេះនៅមិនទាន់រៀបចំចេញជាផ្លូវការនោះទេ។ ក្នុងពេលជាមួយគ្នានេះគេបានឃើញមាន២ភាគីដែលម្ខាងគាំទ្រប្រធានស្ដីទី ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងម្ខាងទៀតគាំទ្រដល់ សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឱ្យធ្វើជាប្រធានបក្សរៀងខ្លួន។
កាលពីម្សិលមិញអគ្គលេខាប្រតិបត្តិនៃគណបក្សហ្វ៊ុនស៊ិនប៉ិចលោក អាំង សំបូរ បានសរសេរលិខិតមួយច្បាប់ទូលថ្វាយ សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដោយបានបង្គំសុំការគាំទ្រពីព្រះអង្គចំពោះបេក្ខភាពព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដោយថាដើម្បីធ្វើតាមព្រះបំណងចុងក្រោយរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ។
អគ្កលេខាប្រតិបត្តិបក្ស បានលើកឡើងពីការសោកស្ដាយនិងភ្ញាក់ផ្អើលដែលមានបុគ្គលមួយចំនួនបានយកព្រះនាម សម្ដេចរាជបុត្រី ព្រះអនុជ ទៅភ្ជាប់ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះរាជវង្សានុវង្ស និងជាការប្រមាថដល់ព្រះវិញ្ញាណក្ខន្ធ សម្ដេចក្រុមព្រះ។
លោក អាំង សំបូរ បានសរសេរក្នុងលិខិតនោះថា៖ «ទូលបង្គំយើងខ្ញុំទាំងអស់គ្នា មានជំនឿចិត្តនិងសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីសម្ដេចរាជបុត្រីទ្រង់បានជ្រាបនូវរបាយការណ៍ខាងលើនេះហើយ សម្ដេចរាជបុត្រី ប្រាកដជាគាំទ្រ និងជ្រោមជ្រែងម្ចាស់ក្មួយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច យ៉ាងពិតប្រាកដពុំខាន» ។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មានការចេញសេចក្ដីប្រកាសព័ត៌មានមួយដែលបានផ្សព្វផ្សាយថាសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិចបានសម្រេចយាង សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ធ្វើជាព្រះប្រធានបក្ស ខណៈអ្នកនាំពាក្យគណបក្សនេះបានចេញមុខមកច្រានចោលភ្លាម ថាជាព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមអតីតសមាជិកបក្ស ដោយប្រើប្រាស់ត្រាក្លែងក្លាយប៉ុណ្ណោះ។
ថ្លែងបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន EAC News នាថ្ងៃនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា សព្វថ្ងៃព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះបុត្រាច្បងនៃសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅតែធ្វើជាប្រធានស្តីទីស្របច្បាប់ដឹកនាំគណបក្ស និងត្រៀមសម្រាប់តំណែងផ្លូវការក្នុងសមាជបក្សនៅចុងខែមករាខាងមុខនេះ។
លោក ញឿន រ៉ាដែន បានរៀបរាប់បញ្ជាក់ថា៖ «យើងមានគម្រោងហើយ ដោយសារនីតិវិធីមួយចំនួនយើងបានរៀបចំរួចហើយ ក៏ដូចជាការរៀបចំតាក់តែងលក្ខន្តិកៈ គោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនដែរ ព្រោះនៅក្នុងអង្គសមាជហ្នឹងយើងផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដែរ។ ទី១ទាក់ទងគោលនយោបាយរបស់គណបក្ស ទី២ការថ្វាយព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ ជាប្រធាន ហើយទី៣នៅតែការរៀបចំនូវលក្ខន្តិកៈមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែយើងមិនឲ្យលើសនៅក្នុងរយៈពេលកំណត់នៃច្បាប់ ស្តីពីការគ្រប់គ្រងគណបក្សនយោបាយឡើយ»។
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិច សម្ដេចក្រុមព្រះនរោត្តម រណឫទិ្ធ បានយាងសោយទិវង្គតនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង ត្រូវនឹងម៉ោង៣,៤០នាទី រសៀលម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយរោគាពាធ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាបុត្រាច្បងរបស់សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ត្រូវបានតែងតាំងជាព្រះប្រធានស្ដីទីនៃគណបក្សហ៊្វុនស៊ិនប៉ិច នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨។
មាត្រា១៨ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយបានអនុញ្ញាតឱ្យគណបក្សនយោបាយចាត់នីតិវិធីដើម្បីជំនួសប្រធានគណបក្សដែលបាត់បង់តួនាទីក្នុងរយៈពេលយ៉ាងយូរ ៩០ ថ្ងៃ គិតពីថ្ងៃបាត់បង់តួនាទីនោះ។ ដោយឡែកប្រការ ២៤ វាក្យខណ្ឌ ៣ នៃលក្ខន្តិកៈគណបក្សហ៊្វុនស៊ិនប៉ិចចែងថា “ក្នុងករណីប្រធានសក្ដិ គណៈកម្មាធិការនាយកត្រូវរៀបចំកោះប្រជុំសមាជ ដើម្បីជ្រើសតាំងប្រធានគណបក្សក្នុងរយៈវេលា៦០ថ្ងៃយ៉ាងយូរ៕