ព្រះសីហនុ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងខ្លីទៅឱ្យដែលតាមដានសភាពការណ៍មីយ៉ាន់ម៉ា-អាស៊ាន ថាក្នុងឆ្នាំ២០២២នេះអាស៊ានមានការងារជាច្រើនដែលត្រូវធ្វើសម្រាប់ការគិតគូរក្នុងបញ្ហាតំបន់ មិនមែនមានតែរឿងមីយ៉ាន់ម៉ានោះទេ។
ថ្លែងក្នុងពិធីបើកវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅទីក្រុងព្រះសីហនុ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «កិច្ចការអាស៊ានឆ្នាំ២០២២មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ ដូចដែលអ្នកទាំងឡាយបាននិយាយយ៉ាងច្រើនក្នុងរយៈពេលប្រមាណជិត៣អាទិត្យនេះ។ ខ្ញុំសុំនិយាយថាយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើក្រៅពីរឿងមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ! នេះជាការបញ្ជាក់យ៉ាងខ្លីដោយសង្ខេបដើម្បីចង្អុលបង្ហាញទិសទៅលើអ្នកតាមដានសភាពការទាំងឡាយសម្រាប់ការគិតគូររបស់យើងក្នុងក្របខណ្ឌតំបន់» ។
សម្ដេចបញ្ជាក់ថាកិច្ចការអាស៊ានឆ្នាំ២០២២ មិនមែនមានតែមួយនោះទេគឺមានបញ្ហាច្រើនដែលត្រូវធ្វើរាប់ទាំងបញ្ហាធ្វើយ៉ាងមិចឱ្យទេសចរណ៍រស់ឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩។
ប្រទេសកម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បន្តពីប្រទេសប្រ៊ុយណេ បន្ទាប់ពីក្លាយជាប្រធានប្ដូរវេន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី៧ ខែមករា បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងគោលដៅស្វែងរកការបន្តបទឈប់បាញ់នៅប្រទេសនេះ ការផ្ដល់ជំនួយ និងបើកច្រកដល់ប្រសិតពិសេសអាស៊ានសម្រាប់ស្វែងរកដំណោះស្រាយដល់ប្រទេសនេះផងដែរ។ ដែលជាលទ្ធផលគឺមេដឹកនាំយោធាមីយ៉ាន់ម៉ាបានយល់ព្រមលើចំណុចទាំងអស់នេះ ខណៈសម្ដេចតេជោបានសម្រេចឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានជាអ្នកបន្តធ្វើការងារនេះបន្ថែមទៀត។
ថ្លែងក្នុងជំនួបជាមួយអគ្កលេខាធិការអាស៊ានលោក លឹម ចុក ហ៊ុយ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការងារដែលអាស៊ានត្រូវធ្វើក្នុងឆ្នាំនេះមានដូចជា ការជំរុញសេដ្ឋកិច្ចអាស៊ានឡើងវិញ ការរៀបចំខួប២០ឆ្នាំនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង(DOC) គំនិតផ្ដួចផ្ដើមអាស៊ីប៉ាស៊ីហ្វិករបស់អាស៊ាន បញ្ហាសមាជិកភាពរបស់ទីម័រឡេស្តេ និងកិច្ចប្រជុំធំមួយដើម្បីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ដោយមានការចូលរួមពីអង្គការអន្តរជាតិដូចជា អង្គការសុខភាពពិភពលោក អង្គការពាណិជ្ជកម្មពិភពលោក ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធីរូបិយប័ណ្ណអន្តរជាតិជាដើម៕