អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចច្រានចោលព័ត៌មានការយាងសម្តេចរាជបុត្រី នរោត្តម អរុណរស្មី ធ្វើជាព្រះប្រធាន
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសច្រានចោលខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អះអាងថា សមាជិកគណបក្សបានសម្រេចយាង សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ធ្វើជាព្រះប្រធានបក្ស ថាជាព័ត៌មានក្លែងក្លាយ។ ព្រោះគ្រាន់ជាឯកសារបង្កើតឡើងដោយក្រុមអតីតសមាជិកបក្ស ដោយប្រើប្រាស់ត្រាក្លែងក្លាយប៉ុណ្ណោះ។
ថ្លែងបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន EAC News នាថ្ងៃនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា សព្វថ្ងៃព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះបុត្រាច្បងនៃសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅតែធ្វើជាប្រធានស្តីទីស្របច្បាប់ដឹកនាំគណបក្សនៅឡើយ។
លោកអះអាងថា តាមច្បាប់ក្រោយ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ សោយទិវង្គតបានគម្រប់៩០ថ្ងៃ នោះទើបសមាជិកបក្សអាចជ្រើសរើសប្រធានគណបក្សថ្មីបាន ដូច្នេះគណបក្សហ៊្វុនស៊ីនប៉ិចគ្រោងនឹងរៀបចំសមាជគណបក្សនៅអំឡុងចុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីថ្វាយតំណែងជាព្រះប្រធានគណបក្សដល់ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ ជាផ្លូវការ។
បន្ថែមលើនេះ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ និងបោះឆ្នោតសកលឆ្នាំ ២០២៣ខាងមុខ បច្ចុប្បន្នប្រធានស្តីគណបក្សក៏កំពុងមមាញឹកខ្លាំងនឹងសកម្មភាពចុះតាមបណ្តាខេត្តជួយពង្រឹងសាមគ្គីភាពដល់សមាជិកនៅតាមមូលដ្ឋានផងដែរ។
លោក ញឿន រ៉ាដែន បានរៀបរាប់បញ្ជាក់ថា៖ «យើងមានគម្រោងហើយ ដោយសារនីតិវិធីមួយចំនួនយើងបានរៀបចំរួចហើយ ក៏ដូចជាការរៀបចំតាក់តែងលក្ខន្តិកៈ គោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនដែរ ព្រោះនៅក្នុងអង្គសមាជហ្នឹងយើងផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដែរ។ ទី១ទាក់ទងគោលនយោបាយរបស់គណបក្ស ទី២ការថ្វាយព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ ជាប្រធាន ហើយទី៣នៅតែការរៀបចំនូវលក្ខន្តិកៈមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែយើងមិនឲ្យលើសនៅក្នុងរយៈពេលកំណត់នៃច្បាប់ ស្តីពីការគ្រប់គ្រងគណបក្សនយោបាយឡើយ»។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចរូបនេះបានបន្តអះអាងថា ចំពោះករណីក្លែងសេចក្តីប្រកាសព័ត៌មានពីសំណាក់បុគ្គលមួយចំនួនដែលបានបាត់បង់នីតិសម្បទាពីគណបក្សកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នោះ គឺក្រុមអ្នកច្បាប់នៃគណបក្សហ៊្វុនស៊ិនប៉ិចកំពុងសិក្សាចាត់ចែងទៅតាមនីតិវិធី ដើម្បីបន្ថែមពាក្យបណ្តឹង លើបណ្តឹងចាស់ដែលធ្លាប់ដាក់ទៅតុលាការរួចហើយកាលពីពេលកន្លងមក។
លោក រ៉ាដែន បានលម្អិតបន្ថែមថា៖ «បាទត្រាហ្នឹង (ត្រាប្រើប្រាស់លើសេចក្តីប្រាស់ព័ត៌មាននាថ្ងៃទី១៧ មករា ២០២២) គឺគាត់ទើបតែបង្កើតទេ ព្រោះត្រារបស់គណបក្សហ៊្វុនស៊ីនប៉ិច ដែលបន្សល់ពីសម្តេចក្រុមព្រះនោះ គឺនៅក្នុងហ្នឹងមានអក្សរសម្តេចព្រះប្រធាននៅក្នុងហ្នឹង។ ហើយត្រាដែលគាត់បានប្រើប្រាស់កាលពីថ្ងៃម្សិលមិញហ្នឹងគឺក្រុមគាត់បានបង្កើតឡើងដោយចិត្តឯង នេះឯងគឺជាការខុសច្បាប់មួយ។ ត្រាដែលយើងបានតម្កល់នៅក្រសួងមហាផ្ទៃមានតែពីរទេ គឺត្រារបស់សម្តេចក្រុមព្រះ និងត្រារបស់អគ្គលេខាធិការដ្ឋាន»។
សូមបញ្ជាក់ថា សម្ដេចក្រុមព្រះនរោត្តម រណឫទិ្ធ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ្វុនស៊ីនប៉ិច បានយាងសោយទិវង្គតនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង ត្រូវនឹងម៉ោង៣,៤០នាទី រសៀលម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយរោគាពាធ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាបុត្រាច្បងរបស់សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ត្រូវបានតែងតាំងជាព្រះប្រធានស្ដីទីនៃគណបក្សហ៊្វុនស៊ិនប៉ិច នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨។
បើតាមមាត្រា ១៨. ថ្មីនៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយបានអនុញ្ញាតឱ្យគណបក្សនយោបាយចាត់នីតិវិធីដើម្បីជំនួសប្រធានគណបក្សដែលបាត់បង់តួនាទីក្នុងរយៈពេលយ៉ាងយូរ ៩០ ថ្ងៃ គិតពីថ្ងៃបាត់បង់តួនាទីនោះ។ ដោយឡែកប្រការ ២៤ វាក្យខណ្ឌ ៣ នៃលក្ខន្តិកៈគណបក្សហ៊្វុនស៊ិនប៉ិចចែងថា “ក្នុងករណីប្រធានសក្ដិ គណៈកម្មាធិការនាយកត្រូវរៀបចំកោះប្រជុំសមាជ ដើម្បីជ្រើសតាំងប្រធានគណបក្សក្នុងរយៈវេលា៦០ថ្ងៃយ៉ាងយូរ៕