ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្តូណាន់ បានថ្លែងពីការ ការត្រៀមខ្លួនរបស់សិង្ហបុរីក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ ទ៥ចំនុច (5PC) ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក វីវៀន បាឡាក់គ្រីស្តូណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ភាគីទាំងពីរបានពិភាក្សាអំពីការវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ដោយលោក ប្រាក់ សុខុន បានជម្រាបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២ ដែលជា ជំហានមួយដ៏សំខាន់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្នក្នុងចំណោមគ្រប់ភាគី ពាក់ព័ន្ធលើបញ្ហាមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាមានបំណងប្រាថ្នាដូចគ្នានឹងប្រទេសជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិផ្សេងទៀត ដែលនឹងជួយមីយ៉ាន់ម៉ា ឱ្យសម្រេច បានសន្តិភាព និងការផ្សះផ្សាយូរអង្វែង។
ជាការឆ្លើយតប លោក វីវៀន បានកោតសរសើរចំពោះសុច្ឆន្ទៈរបស់ សម្ដេចតេជោ ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សិង្ហបុរីក្នុងការធ្វើការជាមួយកម្ពុជា។ គាត់ក៏បានស្វាគមន៍ចំពោះ ការសម្ដែងឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការរវាងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា និងប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ផងដែរ។
ទោះបីជា យ៉ាងនេះក្តីលោក វីវៀន បានសម្តែងការព្រួយបារម្ភចំពោះការវិវត្តចុងក្រោយបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមិនអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវវឌ្ឍនភាពបន្ថែមទៀត 5PC និងសម្រាប់អ្នកតំណាងនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំអាស៊ាន។
រដ្ឋមន្ត្រីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដើម្បីធ្វើការរួមគ្នាក្នុងការពង្រឹងមជ្ឈភាព ឯកភាព និងភាពធន់រឹងមាំរបស់អាស៊ាន ស្របពេលដោះស្រាយបញ្ហាប្រឈមទូទៅ និងគោលដៅរួម ដើម្បីពង្រឹង សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបមេដឹកនាំយោធា មីន អោងលាំង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយថាដើម្បី ជួយរកដំណោះស្រាយភាពជាប់គាំងនៅក្នុងប្រទេសនេះ ក៏ដូចជានាំប្រទេសមីយ៉ាន់ម៉ាត្រលប់មកអាស៊ានវិញផងដែរ។ ក្នុងជំនួបមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងលាំង បានសន្យានឹងសម្ដេចតេជោ ហ៊ុន សែន ថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ៕