ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បេក្ខជនធ្លាក់បាក់ឌុបជាង២០០នាក់ ដាក់ញត្តិទៅក្រសួងអប់រំស្នើសុំឲ្យមានការពិនិត្យកំណែវិញ្ញាសាម្ដងទៀត

ភ្នំពេញ៖ សិស្សប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០២១ ចំនួនជាង ២០០នាក់បាននាំគ្នាដាក់ញត្តិទៅក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ ដើម្បីស្នើសុំឲ្យក្រសួងធ្វើការពិនិត្យទៅលើអត្រាពិន្ទុ និងធ្វើកំណែជាថ្មីទៅលើក្រដាសកិច្ចការបន្ទាប់ពីការប្រកាសលទ្ធផលប្រឡងខុសពីការរំពឹងទុករបស់ពួកគេ។

នៅមុខក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ មានសិស្សចំនួនជាង ២០០នាក់ បានប្រមូលគ្នាមកដាក់ញត្តិ ទៅក្រសួងដើម្បីទាមទារឲ្យមានការពិនិត្យទៅលើកំណែវិញ្ញាសាម្ដងទៀត។ ភាគច្រើនពួកគេជាបេក្ខជនដែលទទួលបានលទ្ធផលធ្លាក់នៅក្នុងការប្រឡងក្នុងសម័យប្រឡង ២៧ ធ្នូ ២០២១។

ពួកគេស្នើសុំក្រសួង ធ្វើការពិនិត្យទៅលើពិន្ទុកិច្ចការរបស់ពួកគេ ខណៈអ្នកខ្លះស្នើសុំឲ្យក្រសួងធ្វើអត្រាកំណែម្ដងទៀត។ បេក្ខជនម្នាក់ដែលទទួលបានលទ្ធផលធ្លាក់នៅក្នុងការប្រឡង គឺយុវជន ជី លៀបហេង ប្រាប់មកកាន់សារព័ត៌មាន EAC News ថាលោកបានចូលរួមក្នុងការដាក់ញត្តិទៅក្រសួងអប់រំ កាលពីម្សិលមិញដើម្បីស្នើសុំឲ្យក្រសួងពិនិត្យម្ដងទៀតទៅលើពិន្ទុមុខវិជ្ជាភាសាខ្មែរ និងប្រវត្តិវិទ្យា របស់គេដោយហេតុថា នៅក្នុងការប្រឡង គេបានជ្រើសរើសមុខវិជ្ជា វិទ្យាសាស្រ្តសង្គម ដែលត្រូវសង្ឃឹមទៅលើមុខវិជ្ជាធំៗទាំងពីរនេះ។

យុវជនរូបនេះបន្តទៀតថា រូបគេមានកាជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនថានឹងអាចប្រឡងជាប់ ដោយសំអាងទៅលើការខិតខំប្រឹងប្រែងរៀនសូត្ររបស់គេ មិនថាតែតាមរយៈប្រព័ន្ធអនឡាញ ឬការសិក្សាផ្ទាល់ដោយខ្លួនឯងនោះទេ។ យុវជន ជី លៀបហេង ថាគេទទួលបាននិទ្ទេស F ទៅលើមុខវិជ្ជាភាសាខ្មែរ ចំណែកមុខវិជ្ជាប្រវត្តិវិទ្យាគឺទទួលបាននិទ្ទេស C ដែលគេរំពឹងថានឹងទទួលបាននិទ្ទេស B។

លោកបន្ថែមថា សម្រាប់ការទៅដាក់ញត្តិកាលពីម្សិលមិញ គឺមានទាំងបេក្ខជនថ្នាក់ វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ភាគច្រើនមកពីរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តជិតៗ ដូចជារូបលោកមកពីខាងកណ្ដាលជាដើម។

ពួកគេភាគច្រើន ធ្វើការទាមទារស្នើសុំឲ្យក្រសួងពិនិត្រឡើងវិញទៅលើមុខវិជ្ជាគោលនៅក្នុងការប្រឡងដូចជាមុខវិជ្ជា ភាសាខ្មែរ សម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និងមុខវិជ្ជាគណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ។ ដោយឡែកមានបេក្ខជនខ្លះស្នើសុំឲ្យមានការធ្វើឡើងវិញនូវអត្រាកំណែលើក្រដាសកិច្ចការរបស់ពួកគេម្ដងទៀត ដោយសារតែពួកគេមិនសុខចិត្តជាមួយនឹងលទ្ធផលដែលក្រសួងបានប្រកាស។

យុវជនជី លៀបហេង និយាយថា៖ «ភាគច្រើនពួកគាត់ចង់ឲ្យក្រសួង សើរើនូវអត្រាកំណែឡើងវិញ ហើយនិងមានការបូកពិន្ទុសាជាថ្មី។ អ្វីដែលមានការរំពឹងថា គាត់នឹង[ប្រឡង]ជាប់ តែបែរទៅជាបាននិទ្ទេស F គឺធ្លាក់តែម្ដង»។

យុវជនរូបនេះ បានបញ្ជាក់ដែរថា សម្រាប់លិខិតញត្តិដាក់ទៅក្រសួងនោះរួមមាន ទី១ ក្រដាសញត្តិស្នើសុំដែលសរសេរដោយដៃផ្ទាល់ ព្រមទាំងមានហត្ថលេខា ទី២ គឺក្រដាសលទ្ធផលជាប់-ធ្លាក់ ដែលមានឈ្មោះបេក្ខជននៅក្នុងនោះ និងទី៣ គឺតារាងពិន្ទុដែលបញ្ជាក់ពីការសិក្សានៅក្នុងថ្នាក់ទី១២។

លោកស្នើសុំឲ្យក្រសួងទទួលញត្តិ និងធ្វើការពិនិត្យគិតគូរទៅលើបញ្ហារបស់លោកក៏ដូចជាបេក្ខជនដទៃទៀតត្បិតថាបេក្ខជនទាំងអស់សុទ្ធសឹងតែបានខិតខំធ្វើការរៀនសូត្រយ៉ាងលំបាកលំបិនជាពិសេសនៅក្នុងបរិបទកូវីដនេះគឺដើម្បីតែបានទទួលលទ្ធផលប្រឡងជាប់តែប៉ុណ្ណោះ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មិនទាន់អាចធ្វើការឆ្លើយបញ្ជាក់បាននៅឡើយទេ។ លោកថា៖ «ខ្ញុំពុំទាន់អាចអធិប្បាយករណីនេះជូនបាននៅឡើយទេ»។

លទ្ធផលនៃការប្រឡងបាក់ឌុប ត្រូវបានប្រកាសកាលពីថ្ងៃទី១៤ និង១៥ ខែមករា ឆ្នាំ២០២២ ដែលមានបេក្ខជនប្រឡងជាប់សរុបចំនួន ៧២ ០១៦នាក់ ក្នុងចំណោមបេក្ខជនប្រឡងសរុប ១១៤ ១៨៧នាក់ ដែលស្មើនឹង ៦៥.៦៥% ធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួន ៦៨.៦២%។

គួររម្លឹកផងដែរថាកាលពីឆ្នាំ២០១៨ និង២០១៩ ក៏ធ្លាប់មានបេក្ខជនធ្លាក់បាក់ឌុបបាននាំគ្នាតវ៉ាមុខក្រសួងអប់រំ ដើម្បីស្នើសុំឱ្យពិនិត្យលទ្ធផលបាក់ឌុបឡើងវិញ។ ជាមួយគ្នានោះនៅពីឆ្នាំ ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ថាមានកំហុសបច្ចេកទេស កុំព្យូទ័រ ដោយមិនបានបញ្ចូលពិន្ទុមុខវិជ្ជាគណិតវិទ្យា ឱ្យបេក្ខជនប្រឡង។ រដ្ឋមន្ត្រី ក្រសួង អប់រំ បានសុំទោស និងបូកពិន្ទុគណិតវិទ្យាឱ្យសិស្សឡើងវិញទាំងអស់។

ដោយឡែកនៅក្នុងឆ្នាំ២០១៩ ក្រសួង អប់រំ យុវជន និងកីឡា បានប្រកាសថា គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន បានធ្វើកោសល្យវិច័យលើសន្លឹកកិច្ចការរបស់សិស្សដាក់ពាក្យប្ដឹងរួចហើយគឺលទ្ធផលមិនមានការប្រែប្រួលនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក