សមត្ថកិច្ចចំរុះចុះបង្ក្រាបទីតាំងសត្វជ្រូកនាំចូលដោយខុសច្បាប់ពីប្រទេសថៃខណៈម្ចាស់ទីតាំងរត់គេចខ្លួន
បន្ទាយមានជ័យ៖ សមត្ថកិច្ចចំរុះរួមនឹងមន្ត្រីជំនាញមន្ទីរកសិកម្មខេត្តបានចុះបង្ក្រាបទីតាំងសត្វជ្រូកនាំចូលដោយខុសច្បាប់ពីប្រទេសថៃ មួយកន្លែង នៅព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះ តាំ ជ័យ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។ ក្រោយពេលសមត្ថកិច្ចចុះទៅដល់ម្ចាស់ទីតាំងខាងលើ ម្ចាស់ទីតាំងបានវ៉ៃបំផ្លាញទ្រុងជ្រូករបស់ខ្លួនប្រលែងសត្វជ្រូក៧០ក្បាលរត់ចេញពីទ្រុងអស់ នៅសល់តែសត្វជ្រូករស់ចំនួន២ក្បាល ដើម្បីបំបាត់ភត្តុតាងមុននឹងរត់គេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចបន្តការឆែកឆេរលំនៅដ្ឋានម្ចាស់ទីតាំងខាងលើដកហូតបានសត្វជ្រូកធ្វើរួចចំនួន៩ក្បាល។
ករណីនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕