ភ្នំពេញ៖ រដ្ឋបាលជលផលបានប្រកាសជូនដំណឹងដល់អ្នកនេសាទទាំងអស់ ឱ្យបញ្ឈប់ការនេសាទត្រីកាម៉ុងនារដូវពងកូន ចាប់ពីថ្ងៃទី១៥ ខែមករា រហូតថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺជាអំឡុងពេលដែលត្រីកាម៉ុង(ប្លាធូ)បន្តពូជនិងពងកូន ដូច្នេះដើម្បីរួមចំណែកថែរក្សា និងការពារធនធាជលផលសមុទ្រឱ្យបានគង់វង្សទៅថ្ងៃអនាគតអ្នកនេសាទដែនសមុទ្រគ្រប់រូបមិនអាចនេសាទត្រីប្រភេទនេះបានឡើយ។
រដ្ឋបាលជលផលបានសង្កត់ធ្ងន់ថា៖ «អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង (ប្លាធូ) ទាំងអស់នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មេត្តាបញ្ឈប់សកម្មភាពនេសាទត្រីកាម៉ុងចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ជាកំហិត»។
បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០២០ កម្ពុជាផលិតបានផលិតផលជលផលចំនួន ៩៣៦ ៣០០ តោន ក្នុងនោះផលិតផលទឹកសាបជាង ៤១ ម៉ឺនតោន ផលិតផលសមុទ្រជាង ១២ ម៉ឺនតោន និងផលវារីវប្បកម្មជាង ៤០ ម៉ឺនតោន៕