បាត់ដំបង៖ ពលករខ្មែរប្រុសស្រីជាង២០០នាក់ដែល សមត្ថកិច្ចថៃចាប់ខ្លួនត្រូវបានបញ្ជូនអោយត្រឡប់មកស្រុកកម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ។
មេបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានអោយដឹងថា កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរប្រុសស្រីសរុបជាង ២០០នាក់ ដែលភាគីខាងថៃចាប់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងឃុំតាសែន ស្រុកកំរៀង នៃខេត្តបាត់ដំបង។
លោកបន្តថា ពលករខ្មែរសរុបមានចំនួន ២៣០នាក់ ក្នុងនោះស្រីចំនួន ៨៦នាក់និងក្មេងចំនួន ៤៩នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ ដែលជាលទ្ធផលអវិជ្ជមានទាំងអស់។
ចំណោមពលករខ្មែរសរុបចំនួន ២៣០នាក់ ក្នុងនោះ ១៨៦នាក់ ស្រី ៦៤នាក់និងក្មេង ៤៤នាក់មានកាតទទួលបានវ៉ាក់សាំងរួចត្រូវក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញ ដោយឡែកអ្នកសេសសល់មិនទាន់មានកាតចាក់វ៉ាក់សាំងចំនួន ៤៤នាក់ ស្រី២២នាក់ និងក្មេង០៥នាក់ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន៕