ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃ ៤ ៣៥០រៀល ក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៤ ០៥០រៀល សម្រាប់ប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
យោងតាមសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ តម្លៃនេះមានការកើនឡើង ១៥០រៀល ទៅ ២៥០រៀល បើធៀបនឹងតម្លៃចាស់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ធ្លាប់ប្រាប់ EAC News ថាថ្លៃប្រេងសាំងនៅកម្ពុជាឡើងចុះគឺអាស្រ័យទៅនឹងតម្លៃប្រេងអន្តរជាតិដែលភាគច្រើនគឺគិតតាមមធ្យមភាគថ្លៃនៅទីផ្សារប្រទេសសឹង្ហបុរី ដែលមានន័យថាប្រសិនជាទីផ្សារនៅប្រទេសសឹង្ហបុរីចាប់ផ្ដើមឡើងថ្លៃគឺតម្លៃសាំងនៅកម្ពុជានឹងឡើងតាមនោះដែរ។
តម្លៃប្រេងឥន្ធនៈទីផ្សារអន្តរជាតិនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ចំពោះប្រេងសាំងធម្មតាមានតម្លៃ ៩២៧៩ ដុល្លារ/ធុង និងប្រេងម៉ាស៊ូតតម្លៃ ១០០,០១ដុល្លារ/ធុង៕