
TOP NEWS: ផ្សាររដ្ឋទាំងអស់នឹងត្រូវបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី២៤ ខែឧសភា លើកលែងតែផ្សារមិនរៀបរយទាំងអស់
ភ្នំពេញ : ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅផ្សាររដ្ឋទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញនឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ លើកលែងតែផ្សារមិនរៀបរយទាំងអស់ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារ ជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវជាដើម គឺមិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ។
ការចេញសេចក្តីសម្រេចនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ត្រូវបានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អះអាងថា គឺជាការធ្វើឡើងដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវឺដ-១៩ ក្នុងសហគមន៍។
ក្នុងអំឡុងពេលនៃការចាប់ផ្ដើមបើកដំណើរការផ្សាររដ្ឋទាំងអស់ អភិបាលរាជធានីភ្នំពេញ បានណែនាំទៅអភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាចាំបាច់។
ចំពោះការអនុញ្ញាតនេះគឺធ្វើឡើងចំពោះតែអាជីវករលក់ដូរមុខទំនិញជាគ្រឿងឧបភោគ-បរិភោគ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែចំពោះតូបអាហារ និងតូបភេសជ្ជៈក្នុងបរិវេណផ្សារមិនត្រូវទទួលអតិថិជនឱ្យចូលមកទទួលទានឡើយ គឺត្រូវលក់ដូរជាលក្ខណៈវេចខ្ចប់ជាដាច់ខាត។
ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយត្រូវចៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើនដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រជាចាំបាច់ក្នុងបរិវេណផ្សារនីមួយៗ។
លោក ឃួង ស្រេង បានណែនាំឱ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។
ក្នុងករណីមិនពាក់ម៉ាស ឬពាក់ម៉ាសមិនបានត្រឹមត្រូវ ឬមិនរក្សាគម្លាតសុវត្ថិភាពទេនោះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ចន្លោះពី ២០០.០០០៛ ដល់ ១.០០០.០០០៛ ស្របតាមប្រការ ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.បក ចុះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការលើកលែងឡើយ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានហាមដាច់ខាតចំពោះការជួបជុំប្រមូលផ្តុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។
ក្នុងករណី មានការជួបជុំប្រមូលផ្តុំមនុស្សខុសពីការណែនាំនេះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តការផាកពិន័យ ជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៏ ២.០០០.០០០៛ ស្របតាមប្រការ១ នៃសេចក្តីសម្រេចលេខ ០៨៩/២១ សសរច ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ តម្រូវឱ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ "៣ការពារ និង៣កុំ" របស់សម្តេចអគ្គមហសសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រៀបចំកំណត់ច្រកចេញ-ចូលផ្សារ ដើម្បីងាយស្រួលគ្រប់គ្រងការចេញ-ចូលរបស់អាជវករ អតិថិជន និងកំណត់ច្រកសុវត្ថិភាពសម្រាប់ការសង្គ្រោះ និងគ្រប់គ្រងស្ថានភាពអាសន្ន ចាត់ឱ្យមានអ្នកវាស់កម្ដៅ បាញ់ទឹកអាល់កុល-ដែលអាល់កុល និងអនុវត្តការស្កេន QR Code"ទប់ស្កាត់កូវីដ Stop Covid” នៅតាមបណ្តាច្រកចេញ-ចូលផ្សារដែលបានកំណត់។
លោក ឃួង ស្រេង បានសម្រេចទៀតថា ត្រូវរៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ឬដាក់ទឹកអាល់កុល-ជែលអាល់កុល ឱ្យបានច្រើនទីតាំងក្នុងផ្សារ ដើម្បីឱ្យអាជីវករ និងអតិថិជនប្រើប្រាស់ ត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំនៅបរិវេណជុំវិញផ្សារ និងផ្នែកខាងក្នុងផ្សារ និងត្រូវយកចិត្ត ទុកដាក់លាងសម្អាតបន្ទប់ទឹក និងជូតសម្អាតដោយទឹកអាល់កុល ឬទឹកសាប៊ូចំពោះកន្លែងដែលមានការប៉ះពាល់ច្រើន។
ត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលប្រមូលកាកសំណល់ ដោយត្រូវដាក់ពង្រាយធុងសំរាមឱ្យបាន គ្រប់គ្រាន់ និងត្រូវពាក់ស្រោមដៃ ឬប្រើប្រាស់ប្រដាប់ចាប់ប្រមូលសំរាមជានិច្ច - ចៀសវៀងការទទួលទានអាហារជុំគ្នា ក្រៅពីរង្វង់សាច់ញាតិ -ក្រុមគ្រួសារ ឬអ្នកនៅក្នុងទីសំណាក់ជាមួយគ្នា និងលើកទឹកចិត្តឱ្យវេចខ្ចប់អាហារមកពីគេហដ្ឋានរៀងៗខ្លួន សម្រាប់ទទួលទាននៅក្នុងអំឡុងពេលប្រកបអាជីវកម្មក្នុងបរិវេណផ្សារ។
ប្រសិនបើមានអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ អតិថិជន ឬជនណាម្នាក់ដែល មានវត្តមានក្នុងបរិវេណផ្សារ មានបញ្ហាសុខភាព ដូចជា ក្ដៅខ្លួន ក្អក-កណ្ដាស់ ផ្តាសាយ ពិបាកដក ដង្ហើម ឬ រោគសញ្ញាផ្សេងទៀត អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋនីមួយៗ ត្រូវហៅទូរសព្ទទៅកាន់លេខ ១១៥ និងទំនាក់ទំនងមកមន្ទីរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុមគ្រូពេទ្យចុះយកសំណាក ហើយត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាល រាជធានីភ្នំពេញដើម្បីចាត់វិធានការ៕