មន្ទីរសម្រាកព្យាបាលថ្មីមួយត្រូវបង្កើតឡើងក្នុងខេត្តកណ្ដាលដើម្បីឆ្លើយតបនឹងការចង់បានរបស់អតិថិជន
កណ្ដាល៖ មន្ទីរសម្រាកព្យាបាលនិងសម្ភពចតុមុខបានបើកសម្ពោធនូវសាខាថ្មីរបស់ខ្លួននៅក្នុងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់។
មន្ទីរសម្រាកព្យាបាលនេះមានទីតាំងស្ថិតនៅក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានកម្ពស់៤ជាន់ និងមានចំនួន៣០បន្ទប់ ស្មើនឹង៣០គ្រែ មានបុគ្គលិកសរុបចំនួន៣៦នាក់ ដែលនៅក្នុងនោះមានវេជ្ជបណ្ឌិតឯកទេសចំនួន១២នាក់ ដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំង និងប្រទេសចិន។
រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បានថ្លែងក្នុងពិធីសម្ពោធនោះដោយជម្រុញដល់ក្រុមគ្រូពេទ្យបើកចិត្តឱ្យទូលាយនិងមានចរិតសិក្សាស្រាវជ្រាវទើបធ្វើឱ្យកន្លែងព្យាបាលមានប្រសិទ្ធភាព។ លោកសង្ឃឹមថាមន្ទីរសម្រាកព្យាបាលនេះនឹងប្រែក្លាយទៅជាកន្លែងបណ្តុះបណ្តាលសម្រាប់វេជ្ជបណ្ឌិតវ័យក្មេងជាច្រើននាក់ទៀត។
លោកថា៖ «ជោគជ័យរបស់យើងជាគ្រូពេទ្យមិនមែនត្រឹមតែមើលអ្នកជំងឺជានោះទេ ជោគជ័យរបស់យើងគឺកុំឱ្យមានអ្នកជំងឺច្រើន»។
នាយកប្រតិបត្តិមន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខលោក ឈឿន ប៊ុណ្ណារិទ្ធិ បានថ្លែងក្នុងពិធីសម្ពោធនោះថា៖ «ស្របតាមការជឿទុកចិត្តពីអតិថិជនគ្រប់ទិសទី ព្រមជាមួយនឹងតំរូវការផ្នែកសុខាភិបាលដែលមានស្ដង់ដារខ្ពស់ មន្ទីរម្រាកព្យាបាលនិងសម្ពពចតុមុខ បានពង្រីកនូវទីតាំងនិងបន្ថែមនូវសេវាព្យាបាលចាំបាច់មួយចំនួនទៀតដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជនរបស់ខ្លួន។ អាគារដ៏ថ្មីសន្លាង ដែលកំពុងធ្វើពិធីសម្ពោធនាថ្ងៃនេះគឺជាសមិទ្ធផលធំមួយលើវិស័យសុខាភិបាលក្នុងខេត្តកណ្ដាល ដែលបាននឹងកំពុងត្រៀមខ្លួនផ្ដល់នូវសេវាព្យាបាលជូនអតិថិជនប្រកបដោយភាពជឿជាក់ និងផ្អែកលើគុណតម្លៃស្នូលគឺ “គុណភាព សេវាកម្ម ក្រមសីលធម៌ វិជ្ជាជីវៈ”។
គួរបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ បានទទួលការអនុញ្ញាតពីបេឡាជាតិសន្តិសុខសង្គម(បបស)ស្ដីពីកិច្ចព្រមព្រៀងទៅលើការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល កម្រិត CPA3 ទៅដល់កម្មករនិយោជិត មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ លើផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាព ក្នុងគោលបំណងផ្ដល់ការពិនិត្យព្យាបាលនិងថែទាំវេជ្ជសាស្ត្រប្រកបដោយគុណភាព ប្រសិទ្ធិភាពនៅក្នុងគោលបំណង បង្ខិតសេវាឲ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋមូលដ្ឋាន៕
PHOTO: EAC NEWS