លោក ប៉ុល ហំម និងថ្នាក់ដឹកនាំអតីត CNRP មួយរូបទៀត ត្រូវបានព្រះមហាក្សត្រផ្តល់នីតិសម្បទាននយោបាយឡើងវិញ
ភ្នំពេញ : នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាននយោបាយឡើងវិញដល់លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) និងថ្នាក់ដឹកនាំ ១រូបទៀតគឺលោក ផាន់ ច័ន្ទសាក់។
ការចេញព្រះរាជក្រឹត្យនេះធ្វើឡើងក្រោមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីពួកគេបានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីស្នើសុំនីតិសម្បទានយោបាយឡើងវិញ។
លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ជាអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលក្នុងចំណោមសមាជិកចំនួន ១១៨រូបដទៃទៀតដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ដែលស្របពេលនៃកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិដែលពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។