លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

BREAKING NEWS: សម្ដេចតេជោ ប្រាប់អគ្គលេខាធិការអាស៊ានថាមិនគួរចំណាយពេលគិតតែពីរឿងមីយ៉ាន់ម៉ាទេព្រោះអាស៊ានមានការងារជាច្រើនដែលត្រូវធ្វើ

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់អគ្គលេខាធិការអាស៊ានលោក លឹម ចុក ហ៊ុយ ថាអាស៊ានមានការងារច្រើនណាស់ដែលត្រូវធ្វើក្នុងឆ្នាំ២០២២នេះ ដោយមិនអាចចំណាយពេលគិតតែពីរឿងប្រទេសមីយ៉ាន់ម៉ានោះទេហើយក៏មិនត្រូវឱ្យមីយ៉ាន់ម៉ាយកអាស៊ានជាចំណាប់ខ្មាំងផងដែរ។

ថ្លែងក្នុងជំនួបជាមួយលោក លឹម ចុក ហ៊ុយ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាថ្វីត្បិតតែអាស៊ានមានតួនាទីជួយដល់សមាជិកខ្លួនតែអាស៊ានមានការងារជាច្រើនដែលត្រូវធ្វើឱ្យបានក្នុងឆ្នាំ២០២២នេះ។ សម្ដេចបានលើកឡើងបន្ថែមថា ការងារដែលអាស៊ានត្រូវធ្វើក្នុងឆ្នាំនេះមានដូចជា ការជំរុញសេដ្ឋកិច្ចអាស៊ានឡើងវិញ ការរៀបចំខួប២០ឆ្នាំនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង(DOC) គំនិតផ្ដួចផ្ដើមអាស៊ីប៉ាស៊ីហ្វិករបស់អាស៊ាន បញ្ហាសមាជិកភាពរបស់ទីម័រឡេស្តេ និងកិច្ចប្រជុំធំមួយដើម្បីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ដោយមានការចូលរួមពីអង្គការអន្តរជាតិដូចជា អង្គការសុខភាពពិភពលោក អង្គការពាណិជ្ជកម្មពិភពលោក ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធីរូបិយប័ណ្ណអន្តរជាតិជាដើម។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីកិច្ចប្រជុំរវាងសម្ដេចតេជោ និងអគ្គលេខាធិការអាស៊ានថា៖ «សម្ដេចថាអាស៊ានមានការងារច្រើនណាស់ដែលត្រូវធ្វើជាពិសេសក្នុងឆ្នាំ២០២២នេះ ហើយយើងមិនអាចចំណាយពេលឬមួយក៏គិតតែរវល់តែបញ្ហាមីយ៉ាន់ម៉ាទេ។ ហើយក៏មិនត្រូវឱ្យមីយ៉ាន់ម៉ាយកអាស៊ានជាចំណាប់ខ្មាំងផងដែរ។ ដោយសារអាស៊ានមានការងារច្រើន ហើយយើងត្រូវគាំទ្រការងារជួយមីយ៉ាន់ម៉ា ហើយត្រូវតែខិតខំជំរុញការងារផ្សេងទៀតដែលត្រូវតែជំរុញការងារនេះ។ ក្នុងន័យនេះដែរគឺសម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានជំរុញអាស៊ានបន្តយកចិត្តទុកដាក់លើការងារចម្បងរបស់អាស៊ានក្នុងឆ្នាំ២០២២» ។

អគ្គលេខាធិការអាស៊ានលោក លឹម ចុក ហ៊ុយ បានប្រកាសគាំទ្រចំពោះការលើកឡើង និងគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោដែលជាប្រធានអាស៊ានឆ្នាំ២០២២ និងបានបញ្ជាក់ថានឹងរៀបចំការងារដែលសម្ដេចចាត់ចែងឱ្យចេញជាផ្លែផ្កាផងដែរ។

លោក កៅ គឹម ហួន បានដកស្រង់សំដីរបស់លោក លឹម ចុក ហ៊ុយ មកបញ្ជាក់ថា៖ «ឯកឧត្តមមានប្រសាសន៍ថាឯកឧត្តមពិតជាត្រេកអរហើយនឹងអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការណែនាំក្នុងគំនិតផ្ដួចផ្ដើមទាំងអស់របស់ប្រទេសកម្ពុជាដែលជាប្រធានអាស៊ាននេះ១០០ភាគរយ។ ជាពិសេសគឺការជំរុញការអនុវត្តចំណុចឯកច្ឆ័ន្ទទាំង៥ចំណុចដែលពាក់ព័ន្ធនឹងសភាពការនៅមីយ៉ាន់ម៉ានេះក៏នឹងខិតខំជួយផងដែរ ហើយក៏គិតថាយន្តការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើបង្កើតទាំងពីរជាយន្តការសំខាន់» ។

ប្រទេសកម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បន្តពីប្រទេសប្រ៊ុយណេ បន្ទាប់ពីក្លាយជាប្រធានប្ដូរវេន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី៧ ខែមករា បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងគោលដៅស្វែងរកការបន្តបទឈប់បាញ់នៅប្រទេសនេះ ការផ្ដល់ជំនួយ និងបើកច្រកដល់ប្រសិតពិសេសអាស៊ានសម្រាប់ស្វែងរកដំណោះស្រាយដល់ប្រទេសនេះផងដែរ។ ដែលជាលទ្ធផលគឺមេដឹកនាំយោធាមីយ៉ាន់ម៉ាបានយល់ព្រមលើចំណុចទាំងអស់នេះ ខណៈសម្ដេចតេជោបានសម្រេចឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានជាអ្នកបន្តធ្វើការងារនេះបន្ថែមទៀត។

អគ្គលេខាធិការអាស៊ាន លោក លឹម ចុក ហ៊ុយ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ ដើម្បីស្វែងរកមធ្យោបាយនានាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងលេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានារបស់កម្ពុជាក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក