BREAKING: ឃាត់ខ្លួនបុរសកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចខណ្ឌទួលគោកភ្លាមៗ រួចត្រូវចាប់បញ្ជូនទៅកាន់តុលាការ
(ភ្នំពេញ)៖ ជនសង្ស័យមានឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៣៩៣E ផ្លូវលេខ១២៨ ក្រុមទី៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌទួលគោកឃាត់ខ្លួនរួមនិងវត្ថុតាងកូនកាំបិតចិតបន្លែ ដោយចោទពីបទ «ប្រឆាំងនឹងការអនុវត្តការងារសារធារណ:» ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានយកទឹកនោមជនសង្ស័យរូបនេះទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម។
ការឃាត់បុរសខាងលើនេះ បានធ្វើឡើងក្នុងអំឡុងពេលថ្ងៃទី១ នៃការអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅចំណុចផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ជនសង្ស័យខាងលើឈ្មោះ ដារ៉ា រ័ត្នសុគន្ធ បានធ្វើសកម្មភាពដើរមកពីផ្ទះ រួចបានយកកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១ មកកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបានដាក់សម្រាប់ហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ជិះឆ្លងកាត់តាមដងផ្លូវ បណ្ដាលឲ្យដាច់ខ្សែរបាំងរួចក៏រត់គេចខ្លួនបាត់ទៅ។
ភ្លាមៗនោះ ម៉ោងវេលា១០:៣០ព្រឹកថ្ងៃដដែល កម្លាំងសមត្ថកិច្ចយើងដែលនៅប្រចាំការគោលដៅ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាមួយវត្ថុតាងកូនកាំបិតចិតបន្លែចុងស្រួច រួចបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវធីច្បាប់តែម្ដង៕