UPDATE៖ ការចាប់ខ្លួនលោក ប៉ែន សុវណ្ណ និងមរណភាពរបស់លោក ចាន់ ស៊ី ត្រូវបានសម្ដេចតេជោលាតត្រដាងការពិត
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញមករំលឹកពីប្រវត្តិសាស្ត្រនៃការចាប់ខ្លួន និងមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី២រូបក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺលោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួនដោយសារអំពើក្បត់និងមិនចេះសាមគ្គីភាព ហើយលោក ចាន់ ស៊ី បានស្លាប់ដោយសារជំងឺមហារីកឈាម មិនមែនជាដោយសារការប្រកួតប្រជែងរវាងវៀតណាមនិងសូវៀតលើការតែងតាំងមនុស្សនោះទេ។
ការបញ្ជាក់របស់សម្ដេចតេជោ គឺបន្ទាប់ពីសម្ដេចបានឃើញអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមម្នាក់បានរៀបរាប់ពីប្រវត្តិសាស្ត្រទាំងនេះខុសពីការពិតជាក់ស្ដែងដែលសម្ដេចបានឆ្លងកាត់ផ្ទាល់។
សម្ដេចតេជោ ហ៊ុន សែន ផ្ញើរសារសំឡេងពិសេសនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ដោយរំលឹកពីប្រវត្តិសាស្ត្រនៃការកកើតចលនាតស៊ូរំដោះជាតិរបស់រណស្សិរសាមគ្គីសង្គ្រោះជាតិ ថាបានកើតចេញពីកម្លាំងចំនួន៥ភាគីដែលក្នុងនោះមាន៤ភាគីបានចេញមុខរួមមានភាគីរបស់សម្ដេច ហេង សំរិន ភាគីរបស់សម្ដេច ហ៊ុន សែន ភាគីរបស់លោក ប៊ុន មី និងភាគីរបស់លោក ជា សុទ្ធ ដែលមកពីវៀតណាម។
ក្រុមទាំង៤នេះជួបជុំគ្នាធ្វើសន្និបាតរៀបចំរណសិរ្សសង្គ្រោះជាតិកម្ពុជា ដោយយកមូលដ្ឋាននៃកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលសម្ដេចបានកសាងឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។
សម្ដេចបញ្ជាក់បន្ថែមថា ក្រោយពីវាយផ្ដួលរំលំរបបខ្មែរក្រហមដណ្ដើមបានរាជធានីភ្នំពេញនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ក្រោយមកនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក៏បានបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយដែលហៅថាក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលមាន សម្ដេច ហេង សំរិន ជាប្រមុខរដ្ឋនិងជានាយករដ្ឋមន្ត្រី លោក ប៉ែន សុវណ្ណ ជាអនុប្រធានក្រុមប្រឹក្សានិងទទួលបន្ទុកកិច្ចការពារជាតិ សម្ដេច ហ៊ុន សែន ជាសមាជិកទទួលបន្ទុកការបរទេស សម្ដេច ជា ស៊ីម ជាសមាជិកទទួលបន្ទុកមហាផ្ទៃ លោក ចាន់ វ៉ែន សមាជិកទទួលបន្ទុកអប់រំ លោក មុខ សុគន្ធ សមាជិកទទួលបន្ទុកសេដ្ឋកិច្ចនិងជីវភាព លោក កែវ ចិន្តា សមាជិកទទួលបន្ទុកឃោសនាការវប្បធម៌ និង នូ បេង សមាជិកទទួលបន្ទុកសុខាភិបាល។
ក្រោយមកនៅឆ្នាំ១៩៨១ គណបក្សបានធ្វើមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររៀបចំរដ្ឋាភិបាលថ្មីដោយបានជ្រើសតាំងសម្ដេច ហេង សំរិន ជាប្រធានរដ្ឋ លោក សាយ ភូថង ជាអនុប្រធានរដ្ឋ សម្ដេច ជា ស៊ីម ជាប្រធានរដ្ឋសភា លោក ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី) សម្ដេច ហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក ចាន់ ស៊ី ជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិ លោក ជា សុទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងផែនការ។
សម្ដេចបានរៀបរាប់បន្ថែមពីមូលហេតុធំៗដែលឈានដល់ការចាប់ខ្លួនលោក ប៉ែន សុវណ្ណ គឺដោយសារ ប៉ែន សុវណ្ណ បញ្ជាឱ្យមានការចុះឆែកឆេរផ្ទះសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន ប៉ុនប៉ងឆែកផ្ទះសម្ដេចតេជោ ក្រៅពីនោះក៏មានការចាប់ខ្លួនមេដឹកនាំមួយចំនួនដែលគ្រាន់តែធ្វើដំណើរមកសួរសុខទុក្ខបងប្អូន ការធ្វើឱ្យយុទ្ធជនភូមិភាពបូព៌ាមួយចំនួនរត់ចូលព្រៃទៅតស៊ូជាមួយខ្មែរក្រហមវិញ ហើយអ្វីដែលខុសខ្លាំងជាងនេះទៅទៀតគឺប្រមូលអំណាចជាអគ្គលេខាធិការបក្សផង ជានាយករដ្ឋមន្ត្រីផង និងចង់ទាមទារក្រសួងការពារជាតិមកគ្រប់គ្រងថែមទៀត។
សម្ដេចបញ្ជាក់ថានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៨១ លោក ប៉ែន សុវណ្ណ បានកោះហៅថ្នាក់ដឹកនាំសំខាន់៤នាក់ទៀតដែលរួមមាន សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន សែន និងលោក សាយ ភូថង មកប្រជុំដើម្បីដកលោក កែវ ចិន្តា ពីរដ្ឋមន្ត្រីឧស្សាហកម្ម និងយកលោក ចាន់ ស៊ី ដែលជារដ្ឋមន្ត្រីការពារជាតិមកធ្វើជារដ្ឋមន្ត្រីឧស្សាហកម្មវិញ ខណៈលោក ប៉ែន សុវណ្ណ ទាមទារយកក្រសួងការពារជាតិទៅគ្រប់គ្រង។
សម្ដេចតេជោបានលើកឡើងថា៖ «នេះជាផែនការដែល ប៉ែន សុវណ្ណ ត្រៀមរៀបចំការកាន់កាប់កម្លាំងយោធាបន្ថែម។ […] ខ្ញុំបានជំទាស់ជាមួយ ប៉ែន សុវណ្ណ តាមរយៈការនិយាយថាខ្ញុំយល់ស្របឱ្យបង កែវ ចិន្តា ទៅធ្វើជាលេខាបក្សក្រុងតែមួយគត់ដោយមិនចាំបាច់កាន់តំណែងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបន្ថែមទេ! ប៉ុន្ដែក៏គ្មានការចាំបាច់ដើម្បីយករដ្ឋមន្ត្រីការពារជាតិទៅធ្វើជារដ្ឋមន្ត្រីឧស្សាហកម្មដែរ យើងរកអ្នកផ្សេងដើម្បីកាន់តំណែងនោះតែម្ដងទៅ។ ខ្ញុំបានប្រាប់ទៅ ប៉ែន សុវណ្ណ ឱ្យមានការប្រុងប្រយ័ត្នលើការដូររដ្ឋមន្ត្រី៣រូប ទី១រដ្ឋមន្ត្រីការពារជាតិ ទី២រដ្ឋមន្ត្រីការបរទេស និងទី៣រដ្ឋមន្ត្រីមហាផ្ទៃ។ ប៉ែន សុវណ្ណ មានការថ្នាំងថ្នាក់ជាមួយខ្ញុំរហូតទៅដល់និយាយថាបើគ្មានអ្នកណាទៅធ្វើរដ្ឋមន្ត្រីឧស្សាហកម្មទេ ខ្ញុំនឹងទៅធ្វើខ្លួនឯង។ ខ្ញុំផ្ចាញ់ផ្ចាល់បន្ថែមថាល្អហើយប្រសិនបើបងឯងទៅធ្វើជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មខ្លួនឯងគឺធ្វើឱ្យឧស្សាហកម្មមានការរីកចំរើនហើយ។ អញ្ចឹងសុំអញ្ជើញទៅ! ប៉ែន សុវណ្ណ ខឹងយ៉ាងខ្លាំង» ។
សម្ដេចតេជោ រៀបរាប់បន្ថែមថាបន្ទាប់ពីប្រជុំលោក សាយ ភូថង បានមកប្រាប់សម្ដេចតែ២នាក់ថា «ប៉ែន សុវណ្ណ ក្បត់ហើយ! ដូច្នេះយើងមិនអាចទុក ប៉ែន សុវណ្ណ បានទេ» ពេលនោះសម្ដេចតេជោយល់ស្រប តែអ្វីជាបញ្ហានោះគឺ ប៉ែន សុវណ្ណ ជាមនុស្សដែលមកពីវៀតណាមដែលត្រូវការវៀតណាមជួយលើរឿងនេះ។ ក្រោយមកមានការប្រជុំការិយាល័យនយោបាយមួយនៅផ្ទះរបស់លោក សាយ ភូថង ដោយមានសម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម សម្ដេច ហ៊ុន សែន លោក ប៊ូ ថង លោក សាយ ភូថង និង លោក ចាន់ ស៊ី ដោយពុំវត្តមានលោក ប៉ែន សុវណ្ណ នោះទេ។ ដែលកិច្ចប្រជុំនោះសម្រេចថាចាប់ខ្លួន ប៉ែន សុវណ្ណ ដោយមានសម្ដេចតេជោ និងលោក សាយ ភូថង ជាអ្នកអនុវត្តន៍។
សម្ដេចតេជោបញ្ជាក់ថា៖ «ការចាប់ ប៉ែន សុវណ្ណ នេះខ្ញុំនិងបង សាយ ភូថង មុនពេលចេញដំណើរខ្ញុំបានបញ្ចូលគ្រាប់កាំភ្លើងហើយដាក់ទៅក្នុងហោប៉ោខោរបស់ខ្ញុំម៉ាក់ប្រាហា រួចហើយខ្ញុំស្នើឱ្យកាត់ប្រព័ន្ធទូរស័ព្ទទាំងអស់របស់ផ្ទះ ប៉ែន សុវណ្ណ។ ពេលនោះខ្ញុំក៏ជិះឡានម៉ាកវ៉លការរបស់សូវៀតឡានរបស់បង សាយ ភូថង កាត់មុខផ្ទះខ្ញុំពេលនោះមិនសូវជាមានមនុស្សច្រើនដែរ។ ខ្ញុំបានហៅ ប៉ែន ទៀង ឈ្មោះ ម៉ន ស៊ីសុផុន ឱ្យមកចាំនៅមុខផ្ទះខ្ញុំព្រោះពេលនោះខ្ញុំមានកូនម៉ាណែតមួយ និងម៉ាណានោះបានប្រហែល១ខួប ខ្ញុំបារម្ភព្រោះខ្លាចមានការផ្ទុះអាវុធនៅពេលនោះ។ ខ្ញុំក៏លួចផ្ដល់សញ្ញាទៅឱ្យ ញឹក ហួន ដែលជាមេបញ្ជាការកងពលធំ១៩៦ពេលនោះ ហើយនឹងមនុស្សមួយចំនួនផ្សេងទៀតដែលជាកូនចៅចាស់របស់ខ្ញុំឱ្យត្រៀមនូវសភាពការចាំបាច់ដែលអាចហក់ចូលភ្នំពេញបាននាពេលនោះ។ នេះមិនមែនជាប្រភេទរដ្ឋប្រហារមួយទេ! បក្សអាចរៀបចំអ្នកឯងឱ្យឡើងបានបក្សក៏អាចទម្លាក់អ្នកឯងឱ្យចេញវិញបានដែរ» ។
សម្ដេចតេជោបានរៀបរាប់បន្ថែមថា នៅពេលទៅដល់ផ្ទះរបស់លោក ប៉ែន សុវណ្ណ សម្ដេចតេជោ និងលោក សាយ ភូថង ត្រូវអង្គុយចាំនៅខាងក្រោមផ្ទះដើម្បីចាំជួបលោក ប៉ែន សុវណ្ណ ដែលធ្វើដូចជាមិនដឹងថាមានភ្ញៀវមកបើទោះបីអង្គរក្សទៅប្រាប់ហើយក្ដី។ ពេលនោះលោក ប៉ែន សុវណ្ណ បានហៅទូរស័ព្ទទៅកាន់មនុស្សម្នាក់មកលេងបៀរនៅផ្ទះរបស់គាត់។
សម្ដេចតេជោរៀបរាប់ថា៖ «ខ្ញុំយល់ថាហេតុអ្វីបានទូរស័ព្ទកាត់មិនអស់គឺនៅប្រព័ន្ធយោធាមួយដែលកាត់មិនអស់ដូច្នេះខ្ញុំក៏ដឹកដៃបង សាយ ភូថង ឡើងទៅលើ។ ពេលឡើងទៅដល់ខ្ញុំក៏ចាប់ទាញទូរស័ព្ទរបស់ប៉ែន សុវណ្ណ ទម្លាក់ចុះរួចហើយបង សាយ ភូថង បានជម្រាបថាបង ប៉ែន សុវណ្ណ ឯងប្រព្រឹត្តិខុសធ្ងន់ធ្ងរណាស់! សូមអង្គុយចុះស្ដាប់សមមិត្ត ហ៊ុន សែន អានសេចក្ដីសម្រេចចិត្ត។ ពេលនោះខ្ញុំបានឱ្យ ប៉ែន សុវណ្ណ ដែលកំពុងអង្គុយគងទាក់ខ្លាឱ្យដាក់ជើងចុះអង្គុយឱ្យស្ងៀម ខ្ញុំអានអំពីសេចក្ដីសម្រេចចិត្តកំហុសរបស់ ប៉ែន សុវណ្ណ និងការទម្លាក់ ប៉ែន សុវណ្ណ ចេញ។ បន្ទាប់ពីអានរួចហើយក៏ប្រគល់ឱ្យអង្គរក្សដែលជាអ្នកការពារ ប៉ែន សុវណ្ណ ចាប់ ប៉ែន សុវណ្ណ យកទៅតែម្ដង! បើតាមខ្ញុំដឹងគឺពេលនោះគឺយើងដឹកទៅពោធិចិនតុងរួចហើយដឹកចេញទៅវៀតណាម»។
សម្ដេចបញ្ជាក់ថា ក្រោយបញ្ជូនទៅវៀតណាមត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅប្រទេសវៀតណាម តែមិនមែនជាគុកងងឹតដែលលោក ប៉ែន សុវណ្ណ ធ្លាប់បានអះអាងក្នុងសៀវភៅរបស់គាត់នោះទេ។
ក្រោយចាប់ខ្លួន ប៉ែន សុវណ្ណ រួចតំណែងអគ្គលេខាធិការបក្សត្រូវប្រគល់ជូនសម្ដេច ហេង សំរិន ខណៈលោក ចាន់ ស៊ី ត្រូវផ្ទេរពីរដ្ឋមន្ត្រីការពារជាតិមកកាន់តំណែងនាយករដ្ឋមន្ត្រី ហើយតួនាទីរដ្ឋមន្ត្រីការពារជាតិត្រូវប្រគល់ជូនលោក ប៊ូ ថង។
សម្ដេចតេជោ បានរៀបរាប់បន្ថែមទៀតថាលោក ចាន់ ស៊ី បានកាន់តំណែងជានាយករដ្ឋមន្ត្រីពីដើមឆ្នាំ១៩៨២ រហូតដល់ឆ្នាំ១៩៨៤ ដោយពេលនោះលោកបានធ្លាក់ខ្លួនឈឺមហារីកឈាមនិងត្រូវបញ្ជូនទៅព្យាបាលនៅសហភាពសូវៀត និងបានស្លាប់នៅទីនោះតែម្ដងមិនមែនជាការធ្វើឃាតដោយសហភាពសូវៀតនោះទេ។
សម្ដេចតេជោបញ្ជាក់ថា៖ «ចុងខែមិថុនា ឬដើមខែកក្កដា ឆ្នាំ១៩៨៤ ចាប់ពីពេលដែលសន្និបាតបានបញ្ចប់ដែលដាក់ចេញគោលនយោបាយស្ដីពីឧស្សាហកម្មតូចនិងសិប្បកម្ម បង ចាន់ ស៊ី ធ្លាក់ខ្លួនឈឺ។ ពេលដែលធ្លាក់ខ្លួនឈឺគឺគាត់នៅព្យាបាលនៅវៀតណាមនៅឡើយទេ ព្រោះមិនទាន់រកឃើញអ្វីធ្ងន់ធ្ងរឡើយ ដោយពេលក្រោយមកទើបដឹងថាគាត់មានមហារីកឈាម។ ក៏ត្រូវបានបញ្ជូនទៅទីក្រុងម៉ូស្គូ របស់អតីតសភាពសូវៀតនៅពេលនោះ» ។
ក្នុងខែកញ្ញា ឆ្នាំ១៩៨៤ សម្ដេចតេជោបានទៅទីក្រុងម៉ូស្គូដើម្បីសួរសុខទុក្ខលោក ចាន់ ស៊ី និងបានសួរទៅពេទ្យសូវៀតពីស្ថានភាពជំងឺតែត្រូវបានពេទ្យបញ្ជាក់ថានេះគ្រាន់តែជាការពន្យារពេលទេ មិនអាចសង្គ្រោះបានទេព្រោះស្ថិតក្នុងកម្រិតនៃមហារីកឈាម។ ក្នុងពេលដែលទៅសួរសុខទុក្ខនោះហើយរដ្ឋាភិបាលក្រុងភ្នំពេញបានវាយអង្គុយលីលេខទៅស្ថានទូតកម្ពុជាប្រចាំសហភាពសូវៀតជម្រាបដំណឹងពីការតែងតាំងសម្ដេចតេជោជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្ដីទី។
លោក ចាន់ ស៊ី បានទទួលមរណភាពនៅក្នុងខែធ្នូ ឆ្នាំ១៩៨៤។ ពេលនោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបានយកយន្តហោះពិសេសទៅដឹកដោយផ្ទាល់ដើម្បីយកលោកមកធ្វើបុណ្យនៅប្រទេសកម្ពុជាដែលសម្ដេចតេជោជាប្រធានគណៈកម្មការបុណ្យដោយផ្ទាល់។ បន្ទាប់ពីកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្ដីទីនៅចុងខែកញ្ញា ឆ្នាំ១៩៨៤ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីពេញសិទ្ធិនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។
សម្ដេចតេជោ ថា៖ «គួររំលឹកថាការបោះឆ្នោតនៅក្នុងសភាជាការបោះឆ្នោតសម្ងាត់ ការបោះឆ្នោតលើកមុនៗ ប៉ែន សុវណ្ណ បាត់៨សំឡេង បង ចាន់ ស៊ី បាត់៧សំឡេង តែចំពោះខ្លួនខ្ញុំៗសូមអរគុណដល់បងប្អូនសភានៅពេលនោះបានបោះឆ្នោតឱ្យខ្ញុំជាឯកច្ឆ័ន្ទតែម្ដង។ យើងមានការបោះឆ្នោតជាសម្ងាត់ក៏ប៉ុន្ដែបែរជាខ្ញុំទទួលសំឡេងគាំត្រ១០០ភាគរយពីអ្នកបោះឆ្នោត» ។
សម្ដេចតេជោបញ្ជាក់ថា ការចាប់ខ្លួននិងតែងតាំងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលប្រជាមានិតកម្ពុជាគឺជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់កម្ពុជាមិនមែនដោយសារការប្រកួតប្រជែងរវាងវៀតណាមនិងសូវៀតលើការតែងតាំងមនុស្សនៅស្រុកខ្មែរនោះទេ។
សម្ដេចតេជោ ថា៖ «អ្វីដែលលោក ខាន់ សុវណ្ណ និយាយថាសូវៀតមិនពេញចិត្តជាមួយអ្នកមកពីវៀតណាមមកកាន់តំណែងនាយករដ្ឋមន្ត្រីនៅកម្ពុជាដូច្នេះចាត់តាំង ប៉ែន សុវណ្ណ ក៏តម្រូវឱ្យវៀតណាមចាប់ទៅវៀតណាមវិញ។ ពេលចាត់តាំងបង ចាន់ ស៊ី ទៅដើរយ៉ាងរំភើយត្រលប់មកវិញទាំងក្ដាមជ្ឈូសចង់សំដៅថានេះជាការសម្លាប់ដោយសូវៀត។ នេះជាការភ័ន្តច្រលំនិងជាការបំពានមួយដ៏ធំនៃប្រវត្តិសាស្ត្ររបស់ជាតិ ដំណើររបស់ជាតិ។ សូវៀតបានប្រឹងប្រែងជួយព្យាបាលបង ចាន់ ស៊ី មិនមែនរឿងលេងសើចទេ កើតមហារីកឈាមតើមានមនុស្សប៉ុន្មាននាក់ទៅដែលអាចរួចពីការស្លាប់? ហើយរឿងនេះជាជំងឺសុទ្ធសាធតែខ្ញុំមិននឹងស្មានថា ខាន់ សុវណ្ណ ដែលនៅទីនេះមិនបានចេញទៅណាបែរជាភ័ន្តច្រលំនូវប្រវត្តិសាស្ត្រដ៏ធំហើយហ៊ានបកស្រាយលើបញ្ហានេះ។ គ្មានរឿងបែបនេះកើតឡើងទេ ចំណុចនេះជាចំណុចដែលត្រូវធ្វើការកែតម្រូវ»៕