ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ករណីជាប់គាំងវិវាទរវាងអ្នកលក់បាយសីលោកយាយ ស្រ៊ុន ឡៃនី ជាមួយមេធាវី សំរិទ្ធ រ័ត្នមុន្នី

ភ្នំពេញ៖ ករណីវិវាទរវាងលោកយាយ ស្រ៊ុន ឡៃនី មុខរបរជាអ្នកលក់បាយសី នៅម្តុំវត្តព្រះពុទ្ធមានបុណ្យ ជាមួយក្រុមគ្រួសារលោកស្រីមេធាវី សំរិទ្ធ រ័ត្នមុន្នី នៅបន្តជាប់គាំងមិនទាន់អាចរកដំណោះស្រាយបាន ខណៈភាគីនៃជម្លោះគឺលោកយាយ ស្រ៊ុន ឡៃនី ថា ភាពជាប់គាំងនេះគឺបណ្តាលមកពីគ្មានការចូលរួមដោះស្រាយពីភាគីទី៣ គឺអ្នកស្រី គឹម ហុង ដែលជាតួអង្គចេញមុខរត់ការលើករណីកូនប្រុសរបស់លោកយាយដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សនាក់ស្លាប់និងរងរបួស កាលពីអំឡុងឆ្នាំ២០១៩ ដែលខណៈពេលនេះកូនប្រុសរបស់លោកយាយកំពុងតែនៅជាប់ក្នុងពន្ធនាគារនៅឡើយ។

ថ្លែងប្រាប់អ្នកយកព័ត៌មានរបស់ EAC News នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២នេះ លោកយាយ ស្រ៊ុន ឡៃនី បានរៀបរាប់ថាពីមុនលោកយាយមិនដែលស្គាល់មេធាវី សំរិទ្ធ រ័ត្នមុន្នី និងស្វាមីនោះទេ ហើយអ្នកដែលនាំឱ្យលោកយាយស្គាល់គឺស្ត្រីម្នាក់ឈ្មោះ គឹម ហុង ដែលជាអតិថិជនជាវបាយសីពីលោកយាយ។

លោកយាយ ឡៃនី បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ២០១៩ កូនប្រុសរបស់លោកយាយបានបើករថយន្តបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់និង៦នាក់ទៀតរងរបួស។ លោកយាយ ឡៃនី បានបន្ថែមថា កាលណោះលោកយាយមិនបានយល់ដឹងអំពីផ្លូវច្បាប់នោះទេ ដោយពឹងឱ្យកូនក្មួយនិងអ្នកស្គាល់គ្នាជួយ។ ពេលនោះអ្នកស្រី គឹម ហុង ដែលជាអតិថិជនឧស្សាហ៍ជាវបាយសីពីលោកយាយ ក៏បានចេញមុខមកណែនាំឱ្យជ្រើសយកមេធាវី សំរិទ្ធ រ័ត្នមុន្នី ហើយបានអះអាងថា ជាមេធាវីនៅសាលាដំបូងរាជធានីភ្នំពេញ អាចជួយករណីនេះបាន ព្រោះគាត់ធ្លាប់ជួយស្វាមីខ្លួនឯងឱ្យរួចទោសពីការឃុំខ្លួន។

លោកយាយ ស្រ៊ុន ឡៃនី បានបញ្ជាក់ទៀតថា៖ «គឹម ហុង ហ្នឹងមកនិយាយនៅផ្ទះខ្ញុំទេណា! ខ្ញុំអត់បានទៅនិយាយផ្ទាល់ជាមួយរត្ន័មុន្នី គ្រួសារគាត់អីអត់បាននិយាយជាមួយគ្នាមួយម៉ាត់សោះ។ អត់សុទ្ធ អត់ដែលស្គាល់គ្នាផង។ គឹម ហុង ហ្នឹងគាត់និយាយថា រត្ន័មុន្នី ហ្នឹងគេធ្វើការនៅតុលាការ គឺធ្វើមេធាវីបានដោះគ្រួសារគាត់ គេផ្សេងដោះមិនរួចផង តែ រត្ន័មុន្នី ដោះរួច ហ្នឹងជាអ្វីដែល គឹម ហុង និយាយនៅផ្ទះខ្ញុំ។ ហើយខ្ញុំយកចិត្តទុកដាក់ស្ដាប់ អាហ្នឹងហើយខ្ញុំយកលុយ ២៤ ០០០ដុល្លារយកទៅឱ្យគាត់»

លោកយាយ ឡៃនី បានសង្កត់ធ្ងន់ថា អ្នកស្រី គឹម ហុង គឺជាអ្នកធានាអះអាងថាក្រោយពេលយកប្រាក់ចំនួន ២៤ ០០០ដុល្លាទៅឱ្យមេធាវី សំរិទ្ធ រ័ត្នមុន្នី រួច ករណីកូនប្រុសរបស់លោកយាយនឹងមិនជាប់ពន្ធធនាគារលើសពី១ឆ្នាំឡើយ។

ដោយមានការជឿទុកចិត្តលើអ្នកស្រី គឹម ហុង អំពីសមត្ថភាពរបស់លោកស្រីមេធាវី សំរិទ្ធ រ័ត្នមុន្នី ពេលនោះលោកយាយ ឡៃនី ក៏បានសម្រេចចិត្តយកប្លង់ផ្ទះនៅម្ដុំបឹងសាឡាងទៅបញ្ចាំនៅធនាគារមួយនិងបានប្រមែប្រមូលប្រាក់កាក់សរុបបានចំនួន ២៤ ០០០ដុល្លារអាមេរិក យកទៅជូនលោកស្រីមេធាវីដើម្បីការពារក្តីឱ្យកូនលោកយាយ។ លោកយាយ ឡៃនី បន្ថែមថា ក្រោយមកឈ្មោះ គឹម ហុង ក៏បានទារប្រាក់ពីលោកយាយចំនួន៥០០ដុល្លារបន្ថែមទៀតដោយអះអាងថាយកទៅប្រើប្រាស់សម្រាប់បង់ថ្លៃសាលក្រមស្ថាពរ។ ក្រោយមកទៀតកាលពីអំឡុងចុងឆ្នាំ២០២១ លោកយាយក៏ត្រូវបានឈ្មោះ គឹម ហុង ប្រាប់ឱ្យរកប្រាក់ចំនួន ៣ ៥០០ដុល្លារទៀត ព្រោះកូនរបស់លោកយាយជិតបានចេញពីពន្ធធនាគារវិញហើយ។ ដោយសារលោកយាយមានការលំបាកក្នុងបង់ការប្រាក់នៅធនាគារកាលពីដាក់ប្លង់លើកទី១ លោកយាយថា ពុំមានលទ្ធភាពរកប្រាក់ចំនួន ៣ ៥០០ដុល្លារបន្ថែមទៀតទេ ព្រោះលោកយាយរកព្រឹកខ្វះល្ងាច និងថ្ងៃខ្លះមិនរកប្រាក់បានទៀតផង។ លោកយាយបន្តថា គេបានប្រាប់ឱ្យលោកយាយយកប្លង់ដីទៅបញ្ចាំជាថ្នូរនឹងប្រាក់ខាងលើនេះ។

សំណុំរឿងបណ្ដឹងពីអ្នកការពារក្ដី ក្លាយទៅជាដើមបណ្ដឹងវិញរបស់លោកស្រីមេធាវី សំរិទ្ធ រ័ត្នមុន្នី បានកើតឡើងបន្ទាប់ពីលោកយាយ ស្រ៊ុន ឡៃនី បានផ្តល់បទសំភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកមួយដែលរៀបរាប់អំពីដំណើររឿង មេធាវីការពារក្តីរបស់កូនប្រុសលោកយាយ។

លោកយាយ ឡៃនី បានច្រានចោលពាក្យបណ្ដឹងរបស់គ្រួសារមេធាវី សំរិទ្ធ រ័ត្នមុន្នី ដោយថា ការលើកឡើងរបស់លោកយាយប្រាប់ទៅសារព័ត៌មានកាលពីពេលកន្លងមកគឺលោកយាយបាននិយាយរៀបរាប់អំពីសាច់រឿងនិងយោងតាមសម្តីអះអាងរបស់អ្នកស្រី គឹម ហុង តែប៉ុណ្ណោះ។

លោកយាយបានបញ្ជាក់បន្ថែមថា៖ «ប្ដឹងខ្ញុំហ្នឹងខុសទៀត! ខុសយ៉ាងមិច? សួរមីងគាត់សិន តើមីងគាត់ហ្នឹងនិយាយបរិហាកេរ្តិ៍ប្រាប់ខ្ញុំឬអត់? បើមីងហ្នឹងនិយាយថាអត់ ឱ្យស្បថ៥ធានឱ្យខ្ញុំ ខ្ញុំហ៊ាន! កំប៉ុងជើងធូបត្រង់ណាពូកែ ខ្ញុំទៅ។ ចំណាស់នេះហើយទៅភ័យអី មិនមែនងាប់ទៅយកទៅតាមទេ! តែសុំយកយុត្តិធម៌ ហើយក៏ខ្ញុំមិនប្ដឹងដែរ ខ្ញុំសុំតែជួយរកយុត្តិធម៌។ ខ្ញុំសុំអំពាវនាវដល់សម្ដេចសីហមុនី សម្ដេច ហ៊ុន សែន ជួយខ្ញុំផង។ ខ្ញុំរកតែយុត្តិធម៌ទេ ខ្ញុំអត់ចង់បានអីទេ»

កាលពីនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ីង វណ្ណី និងភរិយារបស់គាត់ គឺលោកស្រីមេធាវី សំរិទ្ធ រ័ត្នមុន្នី បានដាក់ពាក្យបណ្តឹងទៅលោកយាយ ស្រ៊ុន ឡៃនី ពីបទបរិហារកេរ្តិ៍ និងញុះញង់ឱ្យមានការរើសអើង បន្ទាប់ពីលោកយាយបានធ្វើបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយរួចមក។

យោងតាមលិខិតបំភ្លឺរបស់មេធាវីតំណាងឱ្យលោកស្រី សំរិទ្ធ រ័ត្នមុន្នី និងស្វាមី ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ មេធាវី តាំង ស៊ីនហុង បានបញ្ជាក់ថាកូនក្តីរបស់លោកស្រីគឺលោកស្រីមេធាវី សំរិទ្ធ រ័ត្នមុន្នី គឺជាមេធាវីការពារក្ដីឱ្យកូនរបស់លោកស្រី ស្រ៊ុន ឡៃនី ក្នុងករណីបើកបរបុកសម្លាប់មនុស្សស្លាប់រហូតដល់៨នាក់ និងមានបទល្មើសមួយចំនួនទៀត។

ក្នុងលិខិតបំភ្លឺខាងលើ លោកស្រីមេធាវី តាំង ស៊ីនហុង បានបន្ថែមថា៖ «ក្រោយពីបានទទួលការពឹងពាក់កូនក្ដីខ្ញុំបានបំពេញការងារ ជូនជនត្រូវចោទក្នុងរឿងនេះ ទៅតាមការព្រមព្រៀងគ្នា ស្របទៅតាមតួនាទី និងភារកិច្ចរបស់មេធាវីរហូតដល់ចប់សព្វគ្រប់រឿង ចំពោះការចោទប្រកាន់ថា កូនក្តីខ្ញុំបានឱ្យគាត់យកប្លង់ផ្ទះទេ ដាក់បញ្ចាំដើម្បីយកប្រាក់ឱ្យកូនក្តីខ្ញុំនេះគឺជារឿងមិនពិត និងជាការទំលាក់កំហុសដោយចេតនាដើម្បីបង្កួចកេរ្ដិ៍ឈ្មោះ កិត្តិយស របស់កូនក្តីខ្ញុំប៉ុណ្ណោះ។ លោកស្រី ស្រ៊ុន ឡៃនី មិនត្រឹមតែបរិហាកេរ្តិ៍កូនក្តីរបស់ខ្ញុំ តែគាត់មានចេនាបំផ្លាញកិត្តិយសដល់ប្ដីរបស់កូនក្ដី ថែមទាំងធ្វើការចោទប្រកាន់ថា "ធ្លាប់បានធ្លាប់គុកទៀតផង" ទាំងមិនមែនជាការពិត ហើយមិនមានជាប់ពាក់ពន្ធ័ និងការងាររបស់កូនក្ដីខ្ញុំ ក្នុងរឿងនេះទាល់តែសោះ»

កាលពីពេលថ្មីៗនេះ ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ គឺលោកមេធាវី គី តិច បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលមួយរវាងភាគីម្ចាស់បណ្ដឹងគឺលោកស្រីមេធាវី សំរិទ្ធ រ័ត្នមុន្នី ជាមួយលោកយាយ ស្រ៊ុន ឡៃនី។ ប៉ុន្តែក្រោយពីបានប្រើពេលវេលាសម្រុះសម្រួលអស់រយៈពេល ជាង២ម៉ោងរួច នៅតែមិនអាចផ្សះផ្សាឬស្វែងរកដំណោះស្រាយបាន។

ប្រធានមេធាវីស្ម័គ្រចិត្តសម្ដេចតេជោគឺលោក គី តិច បានប្រាប់មក EAC News ថាលោកនៅតែបន្តសម្របសម្រួលបញ្ចប់ដើម្បីបញ្ចប់នូវបណ្ដឹងនេះ ខណៈលោកថា ការជាប់គាំងករណីខាងលើនេះគឺដោយសារភាគីជម្លោះពុំបានសំដែងឱ្យឃើញនូវឆន្ទៈពិតប្រាកដក្នុងការសម្រេចចិត្ត។

លោកមេធាវី គី តិច ថា៖ «រឿងនេះយើងកំពុងសម្របសម្រួលឱ្យជាមួយដើមបណ្ដឹងដើម្បីឱ្យបញ្ចប់បណ្ដឹង។ ព្រោះដើមបណ្ដឹងហ្នឹងប្រពន្ធជាមេធាវីដែរ ហើយប្ដីនោះធ្វើការនៅខាងកងកម្លាំង។ ដូច្នេះខ្ញុំកំពុងសម្របសម្រួលឱ្យដកបណ្ដឹងដែរ តែដោយសារតែមានអ្នកនៅពីក្រោយ (លោកយាយ) ដែលធ្វើឱ្យការសម្របសម្រួលមិនអាចទៅបាន។ ព្រោះលោកយាយទូរស័ព្ទសួរពួកហ្នឹងរហូត ហើយពួកហ្នឹងពេលដែលយាយកំពុងនៅក្នុងកន្លែងសម្រុះសម្រួលក៏តេមក។ ដល់ខ្ញុំហៅមកឱ្យចូលរួមទាំងអស់គ្នាមក តែបែរជាអត់មក នាំគ្នាគេចទាំងអស់។ រឿងហ្នឹងមានអ្នកនៅពីក្រោយបែបហ្នឹង»

នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ មេធាវីការពារក្ដីឱ្យលោកស្រី សំរិទ្ធ រ័ត្នមុន្នី គឺលោកស្រីមេធាវី តាំង ស៊ីនហុង បានឱ្យ EAC News ដឹងថាករណីបណ្ដឹងរវាងកូនក្ដីខ្លួននិងលោកយាយ ស្រ៊ុន ឡៃនី កំពុងមានការសម្រុះសម្រួលពីលោកប្រធានក្រុមមេធាវីស្ម័គ្រសម្ដេចតេជោ។ ភាគីខាងកូនក្ដីខ្លួនមានការយោគយល់ច្រើននិងរង់ចាំដំណោះស្រាយបន្តទៀតក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខ។

លោកស្រីមេធាវី ថា៖ «ដោយសារតែឯកឧត្តមប្រធានលោកលើកឡើងអញ្ចឹងហើយ យើងពិនិត្យមើលទៅថាបើសិនជាលោកយាយគាត់បានសារភាពអញ្ចឹងហើយកាលពីថ្ងៃមុនគាត់បានថាឮតាមគេគាត់អត់បានដឹងទេ គាត់អត់ដែលស្គាល់ប្ដីរបស់លោកស្រីមេធាវីរ័ត្នមុន្នីហ្នឹងទេ។ គាត់ឮតាមគេ។ អញ្ចឹងប្រហែលរឿងហ្នឹងវាទៅដល់ការសម្របសម្រួលឬយ៉ាងមិច។ ឆន្ទៈខាងពួកខ្ញុំឃើញគាត់លើកឡើងពីហេតុផលហ្នឹងក៏យើងយល់ដែរថាគាត់យកតាមគេ អញ្ចឹងបានគាត់សារភាពអញ្ចឹងណា! [...] យើងចាំមើលការសម្រុះសម្រួលព្រោះអីឯកឧត្តមប្រធាន គី តិច លោកកំពុងតែសម្រុះសម្រួលជាមួយ សំរិទ្ធ រ័ត្នមុន្នី ប្រសិនជាឯកឧត្តមប្រធានមានគោលការណ៍ថាត្រូវធ្វើយ៉ាងមិចប្រហែលជាពួកខ្ញុំត្រូវធ្វើតាមគាត់អញ្ចឹង»

យ៉ាងណាមិញ លោកស្រីមេធាវី តាំង ស៊ីនហុង ក៏បានបញ្ជាក់ថាទឹកប្រាក់ដែលលោកយាយ ឡៃនី បានចំណាយកន្លងមកគឺជាកម្រៃសេវាមេធាវីការពារក្ដីជូនកូនប្រុសលោកយាយតែប៉ុណ្ណោះ។

ទាក់ទងនឹងករណីនេះលោកយាយ ស្រ៊ុន ឡៃនី បានបញ្ជាក់ថា មិនមានអ្នកនៅពីក្រោយលោកយាយនោះទេ តែថាអ្វីដែលលោកយាយមិនព្រមទទួលយកការសម្រុះសម្រួលនោះ គឺដោយសារបញ្ហាមិនមែនកើតឡើងរវាងតែលោកយាយ និងក្រុមគ្រួសារមេធាវីការពារក្ដីឱ្យកូនលោកយាយតែប៉ុណ្ណោះទេ គឺមានជាប់ពាក់ព័ន្ធជាមួយអ្នករត់ការទៀតគឺអ្នកស្រី គឹម ហុង។ លោកយាយបានស្នើឱ្យក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោកោះហៅអ្នកស្រី គឹម ហុង ឱ្យមកចូលក្នុងបន្ទប់សម្រុះសម្រួលលើកក្រោយដើម្បីឱ្យឃើញការពិត។

លោកយាយ ស្រ៊ុន ឡៃនី ថា៖ «ខ្ញុំមិនសុំទោសដើមបណ្ដឹងទេ! ព្រោះខ្ញុំអត់ស្គាល់គាត់ផង។ អ្នក គឹម ហុង ហ្នឹងណាដែលមកនិយាយ(រឿងនេះ)នៅផ្ទះខ្ញុំ! ហេតុអីបានខ្ញុំយកលុយឱ្យរ័ត្នមុន្នីហ្នឹងស្រួលៗម្លេះ បើអត់មាន គឹម ហុង និយាយអាហ្នឹង។ […] គឹម ហុង ហ្នឹងហើយជាអ្នកនិយាយឱ្យ។ គឹម ហុង ហ្នឹងមកនិយាយជាមួយខ្ញុំតទល់មក យ៉ាងមិចអីយ៉ាងមិច បានជាខ្ញុំហ៊ានសុំទោសគាត់។ ចុះឥឡូវនិយាយជាមួយអ្នកនេះបែរជាមកសុំទោសអ្នកនោះ ដូចវាខុសឆ្គងគ្នាពេកហើយណា!»

នៅមិនអាចទាក់ទងអ្នកស្រី គឹម ហុង បានដោយផ្ទាល់ទេ ប៉ុន្តែស្វាមីរបស់អ្នកស្រី គឺលោក ធា បានបញ្ជាក់ប្រាប់ EAC News ថា អ្នកស្រី គឹម ហុង មិនដែលបាននិយាយដូចការលើកឡើងរបស់លោកយាយ ស្រ៊ុន ឡៃនី ទេ។ លោកថា ក្រុមគ្រួសាររបស់លោកនឹងចូលរួមជានិច្ចប្រសិនបើមានការស្នើសុំពីក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោឱ្យចូលទៅចរចាសម្រុះសម្រួលជម្លោះនេះ។

លោកថា៖ «បើសិនជាមានតម្រូវការមែន ខ្ញុំអាចនឹងនាំគាត់ទៅ។ ប្រសិនជាមានតម្រូវការពីអ្នកច្បាប់ហៅទៅអញ្ចឹងណា!»

បើតាមប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោលោកមេធាវី គី តិច បានឱ្យដឹងថា ការបញ្ចប់សំណុំរឿងនេះអាចធ្វើទៅបានលុះត្រាតែភាគីទាំងពីរព្រមព្រៀងគ្នាបញ្ចប់ទំនាស់ ហើយដើមបណ្ដឹងដកពាក្យប្ដឹងពីតុលាការវិញ។ លោកនឹងបន្តធ្វើកិច្ចការនេះជាមួយដើមបណ្តឹងដើម្បីសម្របសម្រួលបញ្ចប់បណ្តឹងលើលោកយាយ ស្រ៊ុន ឡៃនី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក