ភ្នំពេញ៖ ក្រុមហ៊ុនអូស្ត្រាលី Renaissance Limited (Cambodia) ដែលបានទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈពាណិជ្ជកម្មលើកដំបូងរបស់កម្ពុជានៅខេត្តមណ្ឌលគិរី បានចម្រាញ់រ៉ែមាសជិត ១ ៥០០ គីឡូក្រាមក្នុងរយៈពេលប្រាំពីរខែ។
បរិមាណរ៉ែមាសដែលចម្រាញ់បាននេះ ត្រូវបានឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជម្រាបក្នុងពិធីប្រគល់អគារការិយាល័យចាស់របស់ក្រសួង ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៤ ខែមករានេះ។
ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្តើមផលិតកម្មចម្រាញ់មាសជាលក្ខណៈពាណិជ្ជកម្មនៅខែមិថុនានេះនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ តាមការគ្រោងទុក ក្រុមហ៊ុននឹងអាចចម្រាញ់រ៉ែមាសបានប្រមាណ ៣ តោនក្នុងមួយឆ្នាំសម្រាប់រយៈពេល ៨ ឆ្នាំដំបូង។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២២ អាចនឹងមានក្រុមហ៊ុនវិនិយោគចំនួន៤ទៀត នឹងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនចិនចំនួន៣ នឹងធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅទឹកដីនៃខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនមកពីប្រទេសឥណ្ឌាមួយទៀត ត្រៀមធ្វើអាជីវកម្មរ៉ែមាសនេះ នៅក្នុងខេត្តរតនគិរី ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីបូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ៕