អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

សិស្សជាប់បាក់ឌុបឆ្នាំ២០២១សប្បាយចិត្តចំពោះលទ្ធផលនៃការប្រឡងថា «ហួសពីការំពឹងទុក»

ភ្នំពេញ៖ រៀននិងប្រឡងបាក់ឌុបចំពេលប្រទេសកំពុងប្រឈមនឹងការលំបាកដោយសារមានការរីករាលដាលជំងឺកូវីដ-១៩ បេក្ខជនភាគច្រើនដែលចូលរួមការប្រឡងសុទ្ធអះអាងដូចៗគ្នាថា ទោះលទ្ធផលបាននិទ្ទេសបែបណាក៏ខ្លួនទទួលយកទាំងអស់។ តែខុសពីការរំពឹងទុកពេលថ្ងៃប្រកាសលទ្ធផលប្រឡងមកដល់សិស្សមួយចំនួនដែលប្រឹងរៀនតាមអនឡាញនិងស្រាវជ្រាវដោយខ្លួនឯងនៅផ្ទះបានអះអាងថាពួកគេទទួលបានលទ្ធផលល្អហួសពីការគិតរបស់ខ្លួន។

កញ្ញា សាយ សុម៉ាលីន ជាសិស្សរៀននៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីបានអះអាងថា មុនពេលប្រឡងកញ្ញាបានខិតខំប្រឹងប្រែងរៀនអស់លទ្ធភាពតាមអនឡាញ រហូតទៅបង្កើតក្រុមរៀនជាមួយមិត្តភ័ក្តិទៀតផង។ ថ្ងៃប្រឡងកញ្ញាក៏បំពេញវិញ្ញាសារបានច្រើនដែរ តែមិនសូវជឿសង្ឃឹមបាននិទ្ទេសល្អឡើយ។ តែលទ្ធផលប្រឡងដែលកញ្ញាទទួលបាន គឺហួសការរំពឹងទុក ព្រោះនាងទទួលបាននិទ្ទេស C។ សុម៉ាលីនថា នាងជឿលើពាក្យស្លោករបស់ក្រសួងអប់រំ “អ្នកចេះ គឺជាប់”។

កញ្ញា សាយ សុម៉ាលីនបានបញ្ជាក់ថា៖ «លទ្ធផលគឺវាលើសពីការរំពឹងទុក គឺវាបាននិទ្ទេសល្អ។ មុនដំបូងខ្ញុំគិតថាវាបានត្រឹមតែម៉ាជាប់ ឬបាន D អីហ្នឹង។ តែវាបានពីការយើងរៀនដែរ រៀនហើយប្រឹងសរសេរអត់ទុកក្រដាសចោល ទោះមិនសូវយល់ក៏ត្រូវសរសេរ សរសេរតាមការយល់ឃើញ។ ខ្ញុំជឿ អ្នកចេះជាប់»។

ប្រហាក់ហែលគ្នានេះ កញ្ញា សារិទ្ធ រ៉េមហ្វា ជាសិស្សរៀននៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីម្នាក់ទៀតបានអះអាងថា កញ្ញារង់ចាំមើលលទ្ធផលនៃការប្រឡងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំយ៉ាងអន្ទះសារ រហូតមើលឃើញព័ត៌មានខ្លួនបានជាប់និទ្ទេស D តែបែមិនទុកចិត្ត ហើយត្រូវមកមើលឈ្មោះដោយផ្ទាល់ដល់មណ្ឌលប្រឡងតែម្តង។ កញ្ញា រ៉េមហ្វា ថានិទ្ទេសដែលនាងទទួលបានគឺល្អហួសពីការស្រមៃ។ ព្រោះនាងប្រឹងរៀន តែផ្ចង់អារម្មណ៍ល្អការសិក្សាបានត្រឹមរយៈពេលខ្លីមុនការប្រឡងបន្តិចប៉ុណ្ណោះ ដោយសារការរៀនតាមអនឡាញហាក់ប្រឈមនឹងការលំបាកទាមទារឱ្យអ្នករៀនប្រឹងប្រែងស្រាវជ្រាវបន្ថែមខ្លួនឯងច្រើន។

កញ្ញា សារិទ្ធ រ៉េមហ្វា បានរៀបរាប់បន្ថែមថា៖ «លទ្ធផលខ្ញុំបាននិទ្ទេស D បង។ តាមពិតទៅខ្ញុំគឺដូចគ្នា ខ្ញុំអត់សូវបានរៀនបង (រៀននៅសាលា) ដោយសារបញ្ហារឿងកូវីដហ្នឹងមួយ យើងសូវបានរៀនជាមួយលោកគ្រូអ្នកគ្រូ។ តាមពិតលទ្ធផលខ្ញុំសង្ឃឹមបានជាប់ត្រឹម E តែD ដែរ។ អារម្មណ៍ដំបូងភ័យដែរហ្នឹងបង ដោយសារពេលហ្នឹងមើលឈ្មោះច្រលំម្តង តែពេលអូសទៅម្តងទៀតឃើញជាប់ក៏សប្បាយចិត្ត សប្បាយឡើងញ័រខ្លួនហ្មងបង»។

សិស្សប្រឡងបាក់ឌុបម្នាក់ទៀត កញ្ញា រ៉ុម ស្រីឃែ័រ ជាសិស្សសិក្សានៅវិទ្យាល័យហ៊ុនសែនជម្ពូវ័ន បានអះអាងថា ដោយប្រទេសប្រឈមនឹងការលំបាកព្រោះមានការរីករាលដាលជំងឺកូវីដ-១៩ ចំណេះដែលទទួលបានពីសិក្សានៅសាលាគឺបានតិចតួចណាស់។ ដោយបែបនេះហើយ ទើបនាងហៅការទទួលបានលទ្ធផលនៃការប្រឡងត្រឹមនិទ្ទេស D ថាជាលទ្ធផលដ៏អស្ចារ្យលើសពីការស្មាន។ ស្រីឃែ័រ បញ្ជាក់ថាមិនមែនមានតែនាងម្នាក់តែដែលរំភើបនឹងលទ្ធផលនេះ តែគ្រួសារ និងសាច់ញាតិផ្សេងទៀតក៏រំភើបនឹងលទ្ធផលនេះដែរ។

កញ្ញា រ៉ុម ស្រីឃែ័រ បាននិយាយអះអាងថា៖ «ខ្ញុំថានិទ្ទេសអ្វីក៏បានដែរ ខ្ញុំទទួលយកទាំងអស់។ E ក៏បាន និទ្ទេសអ្វីក៏យកដែរ។ និទ្ទេស D លើសពីការរំពឹងទុក ខ្ញុំគិតថា ខ្ញុំបាននិទ្ទេសEអី ក៏ទទួលយកដែរ។ មានអារម្មណ៍ថា អរហ្មង គ្រាន់តែចុះពីលើម៉ូតូភ្លាម មើលចូលក្នុងក្រុមដែលបងខ្ញុំផ្ញើរចូលពេលគេមិនទាន់បិទ (បាននិទ្ទេសD) ដល់ចឹងទៅអរហើយរត់មកសួរគេ ថាគេបិទហើយរឺនៅ?»

ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ខណៈការប្រកាសលទ្ធផលដូចគ្នានេះ នៅតាមបណ្ដាខេត្តផ្សេងៗនឹងត្រូវប្រកាសនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

បើតាមរបាយការណ៍របស់ក្រសួងអប់រំ បេក្ខជនប្រឡងជាប់សរុបមានចំនួន ៧២០១៦នាក់ ស្មើនឹង ៦៥,៦៥%នៃចំនួនបេក្ខជនសរុប បើធៀបនឹងឆ្នាំ២០១៩ ចំនួននេះបានបង្ហាញអំពីការថយចុះប្រមាណ៣%។ បេក្ខជនដែលទទួលបាននិទ្ទេសA មានចំនួន១ ៧៥៣នាក់ និទ្ទេសB មានចំនួន៥ ២១៥នាក់ និងនិទ្ទេសC មានចំនួន១១ ៦៣៤នាក់។ អ្នកដែលទទួលបាននិទ្ទេសA នៅក្នុងរាជធានីភ្នំពេញមានចំនួន ៥៦៥នាក់ អ្នកដែលទទួលបាននិទ្ទេសAនៅក្នុងខេត្តសៀមរាបមានចំនួន១៥៣នាក់ និងអ្នកដែលទទួលបាននិទ្ទេសAសម្រាប់ខេត្តកណ្តាលមានចំនួន១២៧នាក់។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងអប់រំបានបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១នេះ ក្រសួងផ្សព្វផ្សាយតែបញ្ជីរាយនាមបេក្ខជនដែលជាប់ប៉ុណ្ណោះ ឯបេក្ខជនដែលធ្លាក់ គឺមិនមានឈ្មោះក្នុងបញ្ជីឡើយ។

សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០២១នេះ មានសិស្សសរុបជាង ១១ម៉ឺន៤ពាន់នាក់ ក្នុងចំណោមនោះមានសិស្សស្រីចំនួន ៦០ ៣៩៧ នាក់។ អំឡុងពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ រហូត២៨ ខែមករា ឆ្នាំ២០២១ បេក្ខជនបាក់ឌុបអវត្តមានមានចំនួនសរុប ៤ ៤៣០នាក់។ តាមយន្តការបច្ចេកទេសប្រឡងរបស់ក្រសួងសិក្សាធិការជាតិខ្មែរ បេក្ខជនដែលអវត្តមានចាប់ពី ១វិញ្ញាសាឡើងទៅ គឺត្រូវកំណត់ «ឱ្យធ្លាក់ជាស្វ័យប្រវត្តិ»៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក