ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវអារម្មណ៍សោកសៅក្រោយពីបានទទួលដំណែងពីមរណភាពរបស់អតិតនាយករដ្ឋមន្ត្រីជប៉ុនលោក ខៃហ្វឺ តូស្ស៊ីគិ ដែលបានទទួលមរណភាពនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ក្នុងជន្មាយុ៩១ឆ្នាំ និងបានរំលឹកថាលោក ខៃហ្វឺ គឺជារដ្ឋបុរសជប៉ុនដែលលេចធ្លោម្នាក់ ហើយក៏ជាអ្នកចូលរួមដល់ដំណើរការសន្ដិភាពកម្ពុជាផងដែរ។
ក្នុងលិខិតចូលរួមរំលែកទុកចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ផ្ញើជូននាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វឺមីអូ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវមរណទុក្ខយ៉ាងក្រៀមក្រំជូនចំពោះប្រជាជនជប៉ុន ជាពិសេសក្រុមគ្រួសារនៃសពលោក ខៃហ្វឺ តូស្ស៊ីគិ។
សម្ដេចបានរំលឹកពីវីរភាពរបស់លោក ខៃហ្វឺ ដែលបានធ្វើការងារយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែគាំទ្រដល់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក ជាពិសេសការចូលរួមចំណែកដល់ដំណើរការសន្ដិភាពនៅកម្ពុជារហូតឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។
សម្ដេចតេជោបានលើកឡើងថា៖ «សមានចិត្តយ៉ាងជ្រាលជ្រៅ និងការបន់ស្រន់របស់យើងខ្ញុំ នឹងស្ថិតនៅជាមួយឯកឧត្តមនិងប្រជាជនជប៉ុននៅក្នុងគ្រាដ៏លំបាកនេះ» ។
លោក ខែហ្វឺ តូស្ស៊ីគិ កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៣១ ក្នុងទីក្រុង Nagoya City។ លោក បានក្លាយជានាយករដ្ឋមន្ត្រីទី៥០នៃប្រទេសជប៉ុនពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩១៕