ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសសឹង្ហបុរី លោក លី សៀនឡុង បានឯកភាពគ្នាក្នុងការបន្តការងារឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានប្រជុំដើម្បីពិនិត្យការងារបន្តទៀតជាពិសេសគឺការងាររបស់ប្រេសិតពិសេសប្រធានអាស៊ានដើម្បីជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោក លី សៀនឡុង តាមរយៈប្រព័ន្ធវីដេអូខលនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។
ក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រីនៃប្រទេសសឹង្ហបុរីបានថ្លែងអំណរគុណដល់សម្ដេចតេជោដែលបានចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះនិងបានគាំទ្រដល់កិច្ចខិតខំទាំងឡាយដែលកម្ពុជាបានធ្វើក្នុងពេលជាប្រធានអាស៊ានឆ្នាំនេះ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីគឺ លោក កៅ គឹមហួន បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនេះថា៖ «ពាក់ព័ន្ធនឹងដំណើរការថាតើបន្តទៀតយើងត្រូវធ្វើយ៉ាងមិច? គឺមានការផ្លាស់ប្ដូរមតិរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម លី សៀនឡុង។ ជាចុងក្រោយដែលសំខាន់នេះគឺឯកឧត្តម លី សៀនឡុង ក៏បានឯកភាពជាមួយសម្ដេចនាយករដ្ឋមន្ត្រីថាការងារបន្តគឺទុកឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀតជាពិសេសការងាររបស់ប្រធានអាស៊ាននេះដែលក្នុងកាលៈទេសៈនៅពេលនេះដែលតម្រូវឱ្យជួយដល់មីយ៉ាន់ម៉ា» ។
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីសឹង្ហបុរីនៅពេលនេះគឺធ្វើតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរជួបសន្ទនាគ្នាតាមទូរស័ព្ទកាលពីម្សិលមិញ។
ក្នុងជំនួបតាមទូរស័ព្ទកាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោក វីវៀន បាឡាគ្រីសស្នាន់ បានសំដែងការសោកស្ដាយដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងនឹងធ្វើនៅខេត្តសៀមរាបនៅថ្ងៃទី១៨ និង១៩ ខែមករា ត្រូវបានលើកពេលទៅពេលក្រោយវិញ ទោះជាយ៉ាងណាលោកបានសំដែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីឱ្យមានភាពវិជ្ជមានចំពោះបញ្ហានៅមីយ៉ាន់ម៉ា។
លោកបានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ចំណុច ឱ្យបានពេញលេញ និងទាន់ពេលវេលា។
វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អោងលាំង។
រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។
បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល២០ក្រុមដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក។
ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញ។
ក្នុងដំណើរទស្សនកិច្ចនោះមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងលាំង បានសន្យានិងសម្ដេចតេជោ ថាយោធាមីយ៉ាន់ម៉ានិងពន្យារការឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ សម្របសម្រួលឲ្យប្រេសិតពិសេសប្រធានអាស៊ានបានជួបពិភាក្សាជាមួយនឹងក្រុមដែលមានជម្លោះទាំងអស់នៅក្នុងប្រទេសរួមទាំងក្រុមជនជាតិភាគតិចផង ក៏ដូចជាបើកទទួលជំនួយពីអាស៊ានសម្រាប់មីយ៉ាន់ម៉ាផងដែរ៕