លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

៣៧ឆ្នាំនៃការកាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ប្រទេសកម្ពុជាបានឆ្លងកាត់ការបែកបាក់ជាតិ សង្គ្រាមស៊ីវិលជាច្រើនទស្សវត្សទម្រាំអាចបង្រួមបង្រួមប្រទេសក្រោមដំបូលរាជរដ្ឋាភិបាលតែមួយបានដូចបច្ចុប្បន្នពិតជាមិនងាយស្រួលនោះទេ ហើយកាន់តែពិបាកថែមទៀតក្នុងការរក្សាស្ថានភាពឱ្យនឹងនរមិនត្រលប់ទៅកាន់សង្គ្រាមជាថ្មី។ ទោះជាយ៉ាងណាក្រោមការដឹកនាំរបស់សម្ដេចតេជោ គឺកម្ពុជាអាចធ្វើបាន។

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គឺមានរយៈពេល៣៧ឆ្នាំនៃការកាន់ដំណែងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោត្រូវបានគេចាត់ទុកជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេមួយក្នុងពិភពលោក។ ហើយការដែលអាចកាន់តំណែងបានយូរនេះដោយសារតែសម្ដេចជាអ្នកដើរតាមរាជានិយមដ៏ស្មោះត្រង់និងពិតប្រាកដមួយរូប។

សម្ដេចតេជោថ្លែងក្នុងពិធីសម្ភោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា៖ «ស្រុកនេះ (ស្ទឹងត្រង់) បង្កើតបាននាយករដ្ឋមន្ត្រី ៣នាក់រួចហើយ នាយករដ្ឋមន្ត្រី អ៉ិន តាំ នាយករដ្ឋមន្ត្រី ហង្ស ធុនហាក់ និងនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ៉ិន តាំ ព្រះករុណាគាំទ្រឱ្យធ្វើចៅហ្វាយខេត្តតាំងពីកំពង់ចាម រហូតដល់បាត់ដំបង ក្រោមមកធ្វើរដ្ឋមន្ត្រីមហាផ្ទៃជំនាន់ព្រះករុណា ក្រោយមកធ្វើរដ្ឋមន្ត្រីរបប លន់ នុល រួមចំណែកទម្លាក់ព្រះករុណាបិតា ហង្ស ធុនហាក់ ក៏អញ្ចឹង។ តែ ហ៊ុន សែន អត់ទេណា! អញ្ចឹងហើយបាន ហ៊ុន សែន នៅបានយូរ ព្រោះខ្ញុំអត់មានក្បត់ទៅណា! គេផ្ដួលព្រះករុណាៗហៅចូលព្រះម៉ាគី ហ៊ុន សែន ទៅ! អញ្ចឹងខ្ញុំអត់ត្រូវបណ្ដាសារព្រះទេ»។

រហូតមកដល់ពេលនេះមានរយៈពេល៣៧ឆ្នាំហើយ ដែលសម្ដេចតេជោនៅកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីរដ្ឋសភា ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីក្នុងអាយុ៣៣ឆ្នាំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ បន្ទាប់ពីធ្វើជារដ្ឋមន្ត្រីការបរទេសអស់រយៈពេល៦ឆ្នាំ (ឆ្នាំ១៩៧៩-ឆ្នាំ១៩៨៥) និងធ្វើនាយករដ្ឋមន្ត្រីស្ដីទីប្រមាណ៣ខែ បន្ទាប់ពីលោក ចាន់ ស៊ី ចេញទៅសហភាពសូវៀតដើម្បីព្យាបាលជំងឺ។

តំណែងជានាយករដ្ឋមន្ត្រីលើកដំបូងរបស់សម្តេចតេជោទទួលបានការគាំទ្រពីថ្នាក់ដឹកនាំទាំងបក្ស និងរដ្ឋ ពិសេសគឺសម្តេច ហេង សំរិន សម្តេច ជា ស៊ីម លោក សាយ ភូថង និងលោក ជា សុទ្ធជាដើម។ ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចនាពេលនោះ គឺចំពេលដែលប្រទេសកំពុងជួបបញ្ហាខ្វះស្បៀងអាហារយ៉ាងខ្លាំង ដោយសារបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយក៏ទទួលការរំខានដោយភ្លើងសង្គ្រាមតាមជាយដែន ព្រមទាំងមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសជិតខាងថែមទៀត។

យ៉ាងណាក្តីសម្តេចបានថ្លែងទៅកាន់រដ្ឋសភានៅពេលនោះថា៖ «មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ ដោយអត់បាយ និងមិនបានដោះស្រាយនោះឡើយ»។

ដៃម្ខាងការពារពលរដ្ឋ ដៃម្ខាងទៀតទប់ទល់មិនឱ្យខ្មែរក្រហមត្រលប់មកវិញ ខណៈមានភារកិច្ចជាច្រើនទាំងកិច្ចការទូត និងការចរចារដើម្បីនាំសន្ដិភាពមកកាន់កម្ពុជាដ៏កម្សត់មួយនេះ ហើយអ្នកដែលសម្ដេចតេជោដាក់គោលដៅយកឱ្យបាននោះគឹសម្ដេចព្រះ នរោត្តម សីហនុ។

២ឆ្នាំបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រី សម្ដេចបានសម្រេចជួបចរចាជាមួយសម្ដេចព្រះ នរោត្តម សីហនុ និងភាគីខ្មែរដែលមានជម្លោះផ្សេងទៀត និងបន្តការចរចាររហូតដល់មានការព្រមព្រៀងគ្នាបង្កើតឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងនាំឲ្យមានការបោះឆ្នោត និងបង្កើតបានព្រះរាជាណាចក្រកម្ពុជាទី២ នៅឆ្នាំ១៩៩៣។

ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ សម្ដេចតេជោត្រូវបានសភានៃរាជាណាចក្រកម្ពុជាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី២ ដែលត្រូវធ្វើកិច្ចការជាមួយនាយករដ្ឋមន្ត្រីទី១ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ។ បើទោះបីសម្ដេចតេជោជានាយករដ្ឋមន្ត្រីទី២ក្ដី តែការងារស្ទើតែទាំងស្រុងត្រូវធ្លាក់មកលើសម្ដេចក្នុងការដោះស្រាយ ក្នុងនោះរួមទាំងការការពារពលរដ្ឋពីក្រុមខ្មែរក្រហមផងដែរ។

ការតស៊ូជាមួយខ្មែរក្រហមរហូតដល់ឆ្នាំ១៩៩៦ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់ក្រុមខ្មែរក្រហមជាចុងក្រោយ និងបានទទួលជោគជ័យនាំប្រទេសកម្ពុជាក្លាយជារដ្ឋឯករាជ្យមួយយ៉ាងពេញលេញ មានការឯកភាពទឹកដី ក្រោមដំបូលរាជានិយមនិងរដ្ឋាភិបាលតែមួយបន្ទាប់ពីបែកបាក់អស់ជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ។

ដោយសារភាពជោគជ័យជាបន្តបន្ទាប់នៃការដឹកនាំរបស់សម្ដេចតេជោនេះ ធ្វើប្រជាពលរដ្ឋកម្ពុជាបោះឆ្នោតគាំទ្រគណបក្សប្រជាជនជាបន្តបន្ទាប់ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ ឆ្នាំ២០១៣ និងឆ្នាំ២០១៨ ដែលជាការបង្ហាញការពេញចិត្តដល់ការដឹកនាំរបស់សម្ដេចដល់បច្ចុប្បន្ន។

តាមរយៈការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាហើយដែលកម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌដែលអាចចាត់ទុកថារួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច ខណៈដែលប្រទេសនេះក៏មានគោលដៅនឹងប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ផងដែរ។ យោងតាមទិន្នន័យពីធនាគារពិភពលោកប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជាបានកើនឡើងពី ២៥៤ដុល្លារក្នុងឆ្នាំ១៩៩៣ ដល់ជាង ១ ៥៤៣ដុល្លារ ក្នុងឆ្នាំ២០២០កន្លងទៅ។

ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាដែលធ្លាប់ជាគំនរផេះផង់និងភ្លើងសង្គ្រាមបានក្លាយជាដែនដីមានសន្ដិភាពនិងការអភិវឌ្ឍន៍ ជីវភាពប្រជាពលរដ្ឋបានរីកចំរើនជាលំដាប់ហើយមុខមាត់ប្រទេសជាតិក៏កាន់តែល្បីនៅលើឆាកអន្តរជាតិផងដែរ។ អ្វីទាំងអស់នេះត្រូវបានសម្ដេចតេជោចាត់ទុកថាជាការបានមកដោយលំបាក ហើយសម្ដេចបានប្ដេជ្ញាថានឹងការពារសមិទ្ធផលដែលសម្រេចបាននេះឱ្យស្ថិតស្ថេរសម្រាប់ពលរដ្ឋកម្ពុជាតទៅមុខផងដែរ។

ថ្លែងក្នុងពិធីសម្ពោធស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «អត់ទេណា! អញ្ចឹងបានលើកនេះអត់ទេ សុំបញ្ជាក់ជូនឱ្យហើយតម្លៃណាក៏ដោយ ហ៊ុន សែន មិនអាចឱនក្បាលទទួលយកការគាបសង្កត់ណាមួយដែលនាំឱ្យអស្ថិរភាពនិងបាត់សន្ដិភាពរបស់ប្រទេសទេ ហ៊ុន សែន សុំប្រកាសសាជាថ្មីម្ដងទៀតនៅស្រុកកំណើតរបស់ខ្លួនទោះបីអូសបន្លាយនៃការបន្តអាណត្តិរបស់ខ្ញុំប៉ុន្មានឆ្នាំតទៅទៀតស្រេចតែក្បាលចិត្តខ្ញុំ។ ឱ្យតែប្រជាជនបោះឆ្នោតឱ្យខ្ញុំនៅតែធ្វើរហូត» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក