តាកែវ : នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៤១នាក់គឺជាពលករ ប្រជាពលរដ្ឋ កម្មករ និងកម្មការិនីរោងចក្រ ដែលរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី១៩ ខែឧសភា ដូចមានរាយនាមខាងក្រោម។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តតាកែវ បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥៕