ភ្នំពេញ៖ រាជរដ្ឋាភិបាលលើកពេលជំនួបរវាងនាយករដ្ឋមន្ត្រី សម្ដេចតេជោ ដែលគ្រោងនឹងធ្វើនៅថ្ងៃនេះនឹងត្រូវលើកពេលទៅឆ្នាំក្រោយវិញ ដែលជាការលើកពេលជាលើកទី២ហើយបន្ទាប់ពីឆ្នាំ២០២១។
ក្នុងលិខិតចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចលើកពេលនៃជំនួបដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទៅឆ្នាំក្រោយវិញ ដោយពុំបញ្ជាក់នូវមូលហេតុនោះទេ។ ទោះជាយ៉ាងណាបើតាមការលើកពេលកាលពីឆ្នាំមុនគឺដោយសារបញ្ហានៃជំងឺកូវីដ-១៩។
ទោះបីជាពុំមានជំនួបជាមួយអ្នកកាសែតក្ដីតែឆ្នាំនេះ សម្ដេចតេជោ បានចេញសារអបអរនៃខួបលើកទី៦នៃជំនួបនេះផងដែរ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើរជូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៦ សម្តេចតេជោបានធ្វើការកោតសរសើរអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មានជាពិសេសយុទ្ធនាការណ៍ការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសដែលធ្វើឱ្យកាត់ផ្តាច់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សម្ដេចតេជោបានជំរុញដល់អ្នកសារព័តមានខិតខំធ្វើការបន្តទៀតដើម្បីចូលរួមរក្សាសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ដោយបានជំរុញដល់អ្នកសារព័ត៌មានត្រូវបង្កើនភាពជាដៃគូជាមួយរាជរដ្ឋាភិបាលបន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌ នៅក្នុងសង្គមដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និងអន្តរជាតិ និងត្រូវបន្តបំផ្លាញចោលនួវពួកឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន។
គួរបញ្ជាក់ផងដែរថា ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានកម្ពុជាត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនសាមគ្គីភាព និងពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មានទាំងអស់។ នេះជាឆ្នាំទី២ហើយដែលរាជរដ្ឋាភិបាលសម្រេចលើកពេលនៃជំនួបនេះបន្ទាប់ពីការលើកពេលដោយសារបញ្ហាកូវីដ-១៩ ឆ្នាំ២០២១៕