ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេកបុកថា សម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៤រួចរាល់ហើយ។
នៅក្នុងសារនេះសម្តេចតេជោបញ្ជាក់ថា៖ «ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារខ្ញុំមិនឱ្យឆ្លងកូវីដ-១៩ បានឡើយ។ ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ។ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយ គឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារខ្លួនខ្ញុំបាន។ សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋានទាំងដូសជំរុញដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិយើង»។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោប្រកាសចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជាដូសទី៤ ដើម្បីបង្កើនប្រព័ន្ធការពាររាងកាយទប់ទល់នឹងជំងឺនេះមុនសម្ដេចចេញដំណើរទៅកាន់ចក្រភពអារ៉ាប់រួមនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
សម្ដេចតេជោថា៖ «មូលហេតុដែលខ្ញុំប្រញាប់ព្រោះខ្ញុំទៅអារ៉ាប់អេមីរាត់ អញ្ចឹងខ្ញុំចង់ឱ្យមានស្បែកក្រាស់បន្តិច ព្រោះពេទ្យឱ្យខ្ញុំជ្រើសរើស ថ្ងៃ១៤ ខែមករា ឬ១៤ ខែកុម្ភៈ ខ្ញុំថាយក ១៤ ខែមករា ចាក់ដូសជំរុញឱ្យខ្ញុំ ព្រោះនៅពេលដែលខ្ញុំធ្វើសំណាក មុនពេលខ្ញុំទៅមីយ៉ាន់ម៉ា និងបូបឈាមផង ដើម្បីពិនិត្យអង់ទិគ័រ នៅសល់ជាង ៧០០ ឯប្រពន្ធរបស់ខ្ញុំនៅសល់ជាង ៤០០ អញ្ចឹងត្រូវថែម Pfizer»។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដោយគិតមកដល់ពេលនេះមានរយៈពេល ៤ខែគត់ ដែលស្របតាមគម្លាតដែលក្រសួងសុខាភិបាលបានកំណត់ដោយរាល់ការចាក់ដូសជំរុញត្រូវមានគម្លាតចន្លោះពី៤ ទៅ ៦ខែ៕







