បន្ទាយមានជ័យ : នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មីដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ លើបុរសស្រ្តីជនជាតិខ្មែរ និងជនបរទេសចំនួន១៤៦នាក់ នៅក្រុងប៉ោយប៉ែត នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះបើតាមលទ្ធផលតេស្ត (PCR) មន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩ (Rapid Test)។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តទៀតថា ប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩៕