ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរសរុប១៦០នាក់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនឱ្យវិលត្រលប់មកប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ។
មេបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩លោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានរបស់EAC Newsថា ក្នុងចំណោមពលករខ្មែរសរុបចំនួន ១៦០នាក់ ដែលអាជ្ញាធរប្រទេសថៃបញ្ជូនមកឲ្យភាគីកម្ពុជាវិញនាថ្ងៃនេះ មានស្រីចំនួន ៥២នាក់ និងក្មេងប្រុស-ស្រីចំនួន ២៩នាក់ផងដែរ។
ក្រោយក្រុមគ្រូពេទ្យធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ-១៩ លទ្ធផលបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩ទាំងអស់ ហើយប្រជាពលរដ្ឋចំនួន ១១៣នាក់ មានស្រី ៣៦នាក់ និងក្មេងចំនួន ១៥នាក់ ដែលមានកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយនោះ ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការការពារពីការឆ្លងជំងឺកូវី-១៩ ហើយក៏អនុញ្ញាតអោយវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញរៀងៗខ្លួន។
ដោយឡែកពលរដ្ឋចំនួន ៤៧នាក់ ក្នុងចំណោមនោះមានស្រី១៦នាក់ និងក្មេងចំនួន ១៤នាក់ ដែលមិនទាន់មានកាតចាក់វ៉ាក់សាំង ត្រូវបានមន្ត្រីជំនាញចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅឯមណ្ឌលគីឡូ៩ ស្ថិតក្នុងឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបងផងដែរ៕