តំណាង UN ថាសម្ដេចតេជោបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិបន្ទាប់ពីការវិវត្តិវិជ្ជមាននៅមីយ៉ាន់ម៉ា
ភ្នំពេញ៖ ប្រេសិតពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកស្រី ណូលីន ហេយហ្សី (Noeleen Hayzer) បានកោតសរសើរចំពោះភាពជោគជ័យរបស់សម្ដេចតេជោក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដែលធ្វើឱ្យភាពជាប់គាំងនៃកុងសង់ស៊ីស៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ាអាចដើរទៅមុខហើយរំពឹងថាសម្ដេចតេជោនឹងអាចធ្វើការជាមួយអង្គការសហប្រជាជាតិក្នុងការស្វែងរកដំណោះស្រាយផ្សេងទៀតក្នុងតំបន់។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញសន្ទនាការងារតាមប្រព័ន្ធវីដេអូអនឡាញជាមួយលោកស្រី ណូលីន ហេយហ្សី ដែលក្នុងជំនួបនោះលោកស្រីបានលើកឡើងជាច្រើនពីបញ្ហាមីយ៉ាន់ម៉ាដែលកំពុងសម្រេចបាននិងទិសដៅទៅអនាគតសម្រាប់ដំណោះស្រាយដល់ប្រទេសនេះ។
ក្នុងជំនួបនោះសម្ដេចតេជោបានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាមិនអាចជាប់គាំងនៅត្រឹមនេះនោះទេគឺត្រូវរកមធ្យោបាយទម្លុះភាពជាប់គាំងនឹងចាប់យកឱកាសដើម្បីឱ្យមានការចរចារ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីជំនួបរវាងសម្ដេចតេជោនិងលោកស្រី ណូលីន ហេយហ្សី ថាក្នុងជំនួបនោះសម្ដេចតេជោបានគូសបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាមិនអាចដោះស្រាយតែភាគីណាមួយបាននោះទេ ដោយទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងទៀតដែលរួមទាំងអង្គការសហប្រជាជាតិផងដែរ។
ជាការឆ្លើយតបលោកស្រី ណូលីន ហេយហ្សី បានគាំទ្រចំពោះសម្ដេចនិងភាពសំខាន់នៃអាស៊ានក្នុងការដោះស្រាយបញ្ហាតំបន់និងប្ដេជ្ញាចិត្តធ្វើការជាមួយប្រធានអាស៊ានឆ្នាំ២០២២ក្នុងការធ្វើឱ្យស្ថានភាពប្រទេសមីយ៉ាន់ម៉ាបានល្អប្រសើរឡើងវិញ។
លោក កៅ គឹមហួន បានបញ្ជាក់ថា៖ «សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវមានការឯកភាពគ្នាទៅលើចំណុចថាត្រូវមានការងារបន្ទាន់ជាពិសេសលើការបញ្ឈប់ការឈប់បាញ់ បញ្ឈប់ហិង្សា និងការផ្ដល់ជំនួយ ហើយនឹងការសន្ទនាជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់នេះ។ លោកជំទាវពិតជាអរគុណម្ដងហើយម្ដងទៀតថាលោកជំទាវពិតជាអរគុណដល់សម្ដេចតេជោ ព្រោះអ្វីដែលសម្ដេចតេជោកំពុងតែធ្វើនេះពិតជាសំខាន់ដោយសារអង្គការសហប្រជាជាតិឃើញតួនាទីសំខាន់របស់អង្គការតំបន់ជាពិសេសដូចជាអាស៊ានជាដើមនេះ» ។
វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អោងលាំង។
រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។
បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល២០ក្រុមដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក។
ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា បានផ្ដល់សញ្ញាវិជ្ជមានរកការចចារសន្ដិភាពនៃប្រទេសនេះឡើងវិញ ខណៈសម្ដេចតេជោតម្រូវដល់អាស៊ានឱ្យបង្កើតយន្តការ២បន្ថែមទៀត គឺយន្តការសម្របសម្រួលការឈប់បាញ់ និងយន្តការផ្ដល់ជំនួយ ដើម្បីរក្សាស្ថានភាពឱ្យនឹងនរនិងបើកផ្លូវដល់ការផ្ដល់ជំនួយដល់ប្រទេសនេះ៕