អ្នកនាំពាក្យ៖ ការពន្យារពេលប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងមិនប៉ះពាល់ដល់ការងារប្រេសិតពិសេសអាស៊ានរបស់លោក ប្រាក់ សុខុន នោះទេ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានឱ្យដឹងថាការពន្យារពេលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានមិនប៉ះពាល់ដល់មុខតំណែង និងការងាររបស់ប្រេសិតពិសេសប្រធានអាស៊ានអំពីមីយ៉ាន់ម៉ារបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នោះទេ។
លោក កុយ គួង បានបញ្ជាក់ប្រាប់EAC News ថាការសម្រេចពន្យាពេលប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានគឺមកពីរដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូបមានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើដែលរៀបចំនៅខេត្តសៀមរាបថ្ងៃទី១៨ និង១៩ ខែមករា ខាងមុខ។
ក្នុងសន្ធីសិទសារព័ត៌មានកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ក្នុងកិច្ចប្រជុំចង្អៀតដែលនឹងធ្វើនៅសៀមរាបនាថ្ងៃទី១៨ និង១៩ ខាងមុខនឹងមានការប្រកាសពីបេក្ខភាពរបស់លោកជាប្រសិតពិសេសប្រធានអាស៊ានសម្រាប់កិច្ចការមីយ៉ាន់ម៉ាជាផ្លូវការ។
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានបញ្ជាក់ថា ការពន្យារពេលនេះមិនបានប៉ះពាល់ដល់មុខតំណែងនិងតួនាទីរបស់ប្រសិតពិសេសប្រធានអាស៊ានឡើយដោយថា ភាគីទាំងអស់នៃអាស៊ានបានយល់ព្រមរួចហើយបន្ទាប់ពីសម្ដេចតេជោប្រកាសតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសនាដើមឆ្នាំនេះ។
លោកថា៖ «កាលណាប្រធានអាស៊ានចាប់ពីថ្ងៃទី១ ខែមករានៅពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីធ្វើជាប្រធានអាស៊ាននាពេលហ្នឹង ប្រេសិតពិសេសនឹងអាចចាប់ពីពេលហ្នឹងក៏ថាបានដែរ។ ដូចជាសេចក្ដីប្រការព័ត៌មាននៃការធ្វើដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ាអញ្ចឹងនៅក្នុងហ្នឹងគឺបានបញ្ជាក់ច្បាស់ហើយមីយ៉ាន់ម៉ាខ្លួនឯងក៏បានបញ្ជាក់គាំទ្រឧបនាយករដ្ឋមន្ត្រីជាប្រសិតពិសេសដែរ» ។
លោក កុយ គួង មិនទាន់អាចបញ្ជាក់ពេលវេលាដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននេះនិងត្រូវផ្លាស់ប្ដូរទៅនោះទេ។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ត្រូវបានបង្កើតឲ្យមានឡើងតាំងពីឆ្នាំ១៩៦៧ ដោយទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខរបស់អាស៊ាន ក៏ដូចជាទំនាក់ទំនងរបស់អាស៊ានជាមួយភាគីខាងក្រៅក្នុងអាស៊ាន។
AMM ជួបប្រជុំយ៉ាងតិចបួនដងក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហាដែលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់ពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សាជាទៀងទាត់អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ទិសដៅអនាគតជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តិទៅនៃទំនាក់ទំនងខាងក្រៅរបស់អាស៊ាន៕