អន្តរជាតិ៖ មន្ត្រីអឺរ៉ុបកំពូលរបស់អង្គការសុខភាពពិភពលោកបានប្រកាសកាលពីថ្ងៃអង្គារថា ជាងពាក់កណ្តាលនៃចំនួនប្រជាជនអឺរ៉ុបត្រូវបានគេរំពឹងថានឹងឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងរយៈពេលពី៦ទៅ៨សប្តាហ៍ខាងមុខ។
នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បានប្រកាសថា ការឆ្លងមេរោគអូមីក្រុង កំពុងតែរីករាលកាន់តែខ្លាំងហើយនាពេលនេះ។ គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អឺរ៉ុបបានឃើញករណីកូវីដ-១៩ថ្មីជាង ៧លានករណីនៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ២០២២ ដែលច្រើនជាងទ្វេដងក្នុងរយៈពេលពីរសប្តាហ៍។
ប្រភពដដែលបានព្យាករណ៍ថា ជាង៥០ភាគរយនៃចំនួនប្រជាជនក្នុងតំបន់អឺរ៉ុបនឹងឆ្លងមេរោគអូមីក្រុងក្នុងរយៈពេល ៦-៨ សប្តាហ៍ខាងមុខ។
យោងតាមនាយកអឺរ៉ុបរបស់អង្គការសុខភាពពិភពលោក លោក Hans Klugeបានឲ្យដឹងថា ប្រទេសចំនួន ៥០ ក្នុងចំណោមប្រទេសចំនួន ៥៣ នៅអឺរ៉ុប និងអាស៊ីកណ្តាលបានរាយការណ៍ករណី Omicron ។ វាកំពុងក្លាយជាមេរោគដែលមានការឆ្លងឆាប់រហ័សនៅអឺរ៉ុបខាងលិច ហើយឥឡូវនេះកំពុងរីករាលដាលទៅតំបន់បាល់កង់៕