ក្រុមហ៊ុនថ្នាំគ្រាប់កូវីដ-១៩ Merck រំពឹងថាថ្នាំរបស់ខ្លួននឹងមានប្រសិទ្ធភាពប្រឆាំងនឹងកូវីដ-១៩បម្លែងអូមីក្រុង
អន្តរជាតិ៖ នាយកប្រតិបត្តិក្រុមហ៊ុន Merck បាននិយាយកាលពីថ្ងៃចន្ទថា ថ្នាំគ្រាប់ molnupiravir របស់ក្រុមហ៊ុនខ្លួននឹងមានប្រសិទ្ធភាពធ្វើការប្រឆាំងនឹងមេរោគ Omicron និងបំលែងខ្លួនថ្មីផ្សេងៗទៀតបាន។
លោក Dean Li ប្រធានក្រុមហ៊ុន Merck Research Laboratories បាននិយាយថា លោកមានទំនុកចិត្តយ៉ាងខ្លាំងថាថ្នាំដែលផលិតដោយក្រុមហ៊ុនលោកនឹងមានប្រសិទ្ធភាពប្រឆាំងនឹង Omicron ព្រមទាំងមេរោគបំលែងខ្លួនថ្មីផ្សេងៗ។
ទោះបីយ៉ាងណាក៏ដោយមកទល់ពេលនេះ មិនទាន់មានទិន្នន័យស្តីពីប្រសិទ្ធភាពរបស់ថ្នាំ molnupiravir ប្រឆាំងនឹង Omicron នៅឡើយទេ ប៉ុន្តែថ្នាំគ្រាប់ត្រូវបានបង្ហាញថាមានប្រសិទ្ធភាព ៣០ភាគរយក្នុងការកាត់បន្ថយការសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ ដោយផ្អែកលើទិន្នន័យពីអ្នកជំងឺ ១ ៤៣៣នាក់ នេះបើយោងតាមទិន្នន័យចុងក្រោយដែលបានចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំមុន។
ទិន្នន័យនេះបានបង្ហាញពីប្រសិទ្ធភាពតិចជាងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងតួលេខមុនមានរហូតដល់ទៅ ៥០ ភាគរយ។
គួរបញ្ជាក់ផងដែរថា ថ្នាំគ្រាប់ molnupiravir បានទទួលការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិកកាលពីខែមុន ក៏ដូចជានៅក្នុងប្រទេសមួយចំនួនទៀតដូចជាចក្រភពអង់គ្លេស ជប៉ុន និងឥណ្ឌា ជាមួយនឹងប្រទេសផ្សេងៗបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថ្នាំនេះ៕