ប្រធានចារកម្មរុស្ស៊ីបដិសេធការវាយប្រហារទៅលើក្រុមហ៊ុន SolarWinds ដោយនិយាយថា វាជាការនិយាយបញ្ចើចបញ្ចើ
Reuter ៖ កាលពីថ្ងៃអង្គារ៍ ប្រធានចារកម្មរុស្ស៊ីបានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេតទៅលើក្រុមហ៊ុន SolarWinds (SWI.N) ដោយបាននិយាយថា លោកត្រូវបាន “បញ្ចើចបញ្ចើ” ដោយសារការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា អង្គភាពចារកម្មបរទេសរបស់រុស្ស៊ីដែលនៅពីក្រោយការវាយប្រហារបែបបច្ចេកវិទ្យាទំនើប។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានស្តីបន្ទោសសេវាកម្មស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) ដែលជាអ្នកបន្តវេនប្រតិបត្តិការចារកម្មបរទេសរបស់ KGB ចំពោះការវាយប្រហារបែបបច្ចេកវិទ្យាទំនើប ដែលបានធ្វើឲ្យប៉ះពាល់ដល់ទីភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកចំនួន០៩ និងក្រុមហ៊ុនវិស័យឯកជនរាប់រយផ្សេងទៀត។
លោក Sergei Naryshkin ជាប្រធានសេវាកម្មស៊ើបការណ៍សម្ងាត់ SVR ដែលជាមិត្តជិតស្និទ្ធរបស់ប្រមុខវិមានក្រឹមឡាំងលោកប្រធានាធិបតី Vladimir Putin បាននិយាយប្រាប់សារព័ត៌មានBBCជាភាសារុស្ស៊ីថា“ការអះអាងទាំងនេះ គឺដូចជារឿងប្រលោមលោកអ្នកស៊ើបអង្កេតដ៏អាក្រក់”។
នៅពេលសួរដោយផ្ទាល់ប្រសិនបើសេវាកម្មស៊ើបការណ៍សម្ងាត់ SVR ទទួលខុសត្រូវចំពោះការវាយប្រហារលើក្រុមហ៊ុន SolarWinds លោកNaryshkin បាននិយាយទាំងស្នាមញញឹមថាលោកនឹងត្រូវបាន“បញ្ចើចបញ្ចើ”ប្រសិនបើសេវាកម្មស៊ើបការណ៍សម្ងាត់ SVR ទទួលខុសត្រូវចំពោះការវាយប្រហារបែបបច្ចេកវិទ្យាទំនើប ប៉ុន្តែលោកមិនអាច“ទាមទារសមិទ្ធិផលច្នៃប្រឌិតរបស់អ្នកដទៃធ្វើជារបស់រូបលោកផ្ទាល់បានទេ”។
លោក Naryshkin បាននិយាយថា លោកមិនចង់ចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកនៅពីក្រោយការវាយប្រហារនោះទេ ប៉ុន្តែបានដកស្រង់សម្តីពីឯកសារដែលបែកធ្លាយដោយអតីតមន្ត្រីជាប់កិច្ចសន្យាទីភ្នាក់ងារសន្តិសុខជាតិលោក Edward Snowden ដោយលើកឡើងថាជាយុទ្ធសាស្ត្រនៃការវាយប្រហារ គឺស្រដៀងទៅនឹងអ្វីដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក និងអង់គ្លេសធ្លាប់បានប្រើប្រាស់ពីមុនមក៕