ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ២៤កន្លែង ដល់សិស្ស និស្សិត និងយុវជន ផ្តោតលើការសិក្សាអំពីសិល្បៈកម្សាន្តឌីជីថល ( Digital Entertainment Arts ) និងការអភិវឌ្ឍសមត្ថភាពបន្ថែមលើជំនាញអភិវឌ្ឍវីដេអូហ្គេម។
សហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា ការផ្តល់អាហារូបករណ៍ចំនួន ២៤កន្លែង ផ្តោតលើការអភិវឌ្ឍសមត្ថភាពបន្ថែមលើជំនាញអភិវឌ្ឍវីដេអូហ្គេម ដល់សិស្ស និងនិស្សិត គឺជាគម្រោងស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាង ស.ស.យ.ក និងសាកលវិទ្យាល័យ Western Lova Tech Community College។
វគ្គសិក្សាអំពីសិល្បៈកម្សាន្តឌីជីថលនេះមានរយៈពេល ៤សប្តាហ៍ ហើយវគ្គឆ្លុះបញ្ចាំង និងការអនុវត្តន៍មេរៀនមានរយៈពេល ៣សប្តាហ៍។ វគ្គនេះនឹងបង្រៀនជាភាសាអង់គ្លេស សិក្សាអំពីទិដ្ឋភាពទូទៅនៃការអភិវឌ្ឍន៍វីដេអូហ្គេម ការណែនាំអំពីការបង្កើតគំនូ 3D ពិពណ៌នាអំពីរបៀបធ្វើការងារដែលបង្កើតចំណាប់អារម្មណ៍ក្នុងស្នាដៃសិល្បៈ សិក្សាពីពន្លឺ និងចលនា ព្រមទាំងមូលដ្ឋានគ្រឹះនៃប្រតិបត្តិការម៉ាស៊ីនហ្គេម។
បេក្ខជនដែលអាចចូលសិក្សាវគ្គបណ្តុះបណ្តាលនេះបាន ត្រូវមានអាយុចាប់ពី១៨ ទៅ២៨ឆ្នាំ មានចំណេះដឹងខ្លះៗទាក់ទងនឹងការប្រើប្រាស់កម្មវិធីអភិវឌ្ឍវីដេអូហ្គេម អាចនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ។ ក្រោយអ្នករៀបចំកម្មវិធីជ្រើសរើសបេក្ខជនចូលរួមវគ្គបណ្ដុះបណ្តាលនេះហើយ ក្រុមការងារនឹងទំនាក់ទំនងផ្តល់ព័ត៌មានទៅអ្នកដែលបានជាប់ឈ្មោះចូលរៀនតែម្តង។
ចំពោះការដាក់ពាក្យប្រកួតប្រជែងដើម្បីចូលរួមវគ្គសិក្សាអំពីសិល្បៈកម្សាន្តឌីជីថល ពលរដ្ឋគ្រប់រូបអាចបំពេញពាក្យតាមប្រព័ន្ធអនឡាញ ឬទាញយកឯកសារស្នើរសុំអាហារូបករណ៍តាមរយៈគេហទំព័រហ្វេប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ហើយអាចទំនាក់ទំនងតាមរយៈលេខ ០៩៩ ៨៩៦ ៦៦៩ ដើម្បីសួរអំពីព័ត៌មានបន្ថែម ចាប់ពីថ្ងៃទី១០ មករា រហូតបញ្ចប់នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ខាងមុខ៕