អន្តរជាតិ : ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកពីការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់បន្ទាប់ពីនាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរជាថ្មីម្តងទៀតឆ្លងកាត់ផ្លូវទឹកដ៏សំខាន់ដែលខណ្ឌកោះតៃវ៉ាន់ពីប្រទេសចិន។
កាលពីថ្ងៃអង្គារ៍កងនាវាចរទី០៧របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយថានាវាពិឃាត USS Curtis Wilbur ដែលបំពាក់កាំជ្រួចប្រភេទ Arleigh Burke បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាទៀតទាត់ស្របតាមច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍និយាយថា “ការឆ្លងកាត់របស់នាវាតាមច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសេរីភាពនិងការបើកចំហរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យោធាសហរដ្ឋអាមេរិកនឹងបន្តហោះហើរ ការធ្វើនាវាចរណ៍និងប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត” ។
អ្នកនាំពាក្យទីបញ្ជាការភាគខាងកើតប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំង និងបានថ្កោលទោសចំពោះទង្វើដែលកើតឡើងនេះខណៈដែលមានភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសមហាអំណាចទាំងពីរ។
លោកបានមានប្រសាសន៍ថា “សកម្មភាពសហរដ្ឋអាមេរិកបញ្ជូនសញ្ញាខុសទៅកងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ដោយធ្វើឲ្យរំខានដល់ស្ថានការណ៍ក្នុងតំបន់ដោយចេតនានិងបង្កគ្រោះថ្នាក់ដល់សន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ។
លោកបានបន្ថែមថាកងកម្លាំងចិនបានតាមដាននិងពិនិត្យនាវានេះកំឡុងពេលធ្វើដំណើរ។
ប្រទេសចិនជឿជាក់ថារដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់គឺមានការបន្ទន់ចំពោះប្រកាសឯករាជ្យជាផ្លូវការសម្រាប់កោះនេះដែលជាខ្សែបន្ទាត់ក្រហមសម្រាប់ទីក្រុងប៉េកាំង។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen មានប្រសាសន៍ថាពួកគេគឺជារដ្ឋឯករាជ្យរួចទៅហើយដែលមានឈ្មោះថាសាធារណរដ្ឋចិនជាឈ្មោះផ្លូវការរបស់ខ្លួន។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាកប៉ាល់អាមេរិកបានបើកក្នុងទិសដៅឆ្ពោះទៅទិសខាងត្បូងឆ្លងកាត់ច្រកសមុទ្រហើយស្ថានភាពគឺធម្មតា។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការបែបនេះជារៀងរាល់ខែ៕