រាជរដ្ឋាភិបាលចេញយន្តការជំរុញការចាក់វ៉ាក់សាំង និងទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩បម្លែងថ្មីក្នុងសហគមន៍
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះបានចេញយន្តការ៤ចំណុចដើម្បីឆ្លើយតបទៅនឹងករណីឆ្លងកូវីដ-១៩ថ្មីអូមីក្រុង ខណៈគិតមកត្រឹមពេលនេះកម្ពុជារកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន១៤ករណីរួចហើយ។
ក្នុងសារចរណែនាំលេខ ០១សរ ស្តីពី ការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្តិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង បានណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ព្រមទាំងប្រជាជនទូទៅដោយជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ជូនដល់ប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួនឱ្យសម្រេចបានឆាប់។ ត្រូវបន្តតាមដាន និងត្រួតពិនិត្យការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ជាពិសេសសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យត្រូវទៅនឹងស្ថានភាព ជាក់ស្ដែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី-ខេត្ត។
ជាងនេះត្រូវបង្កើនការយកចិត្តទុកដាក់លើសកម្មភាពក្នុងការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឱ្យប្រជាជនមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងត្រូវចាត់វិធានការចាំបាច់នានាដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យខាងតែបាន។
គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះកម្ពុជាមានករណីឆ្លងកូវីដ-១៩អូមីក្រុង ក្នុងសហគមន៍ចំនួន ១៤ករណីហើយ។ ទោះបីយ៉ាងណាក៏ដោយ កម្ពុជាក៏សម្រេចបាននូវការចាក់វ៉ាក់សាំងជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ បានប្រមាណជិត ៩០% ធៀបនឹងគោលដៅប្រមាណ ១៦ លាននាក់ដោយប្រជាជនប្រមាណ ៤លាននាក់ទទួលបានដូសជំរុញផងដែរ៕