ព្រះវិហារ៖ បុគ្គលិកកំទេចគ្រាប់របស់អង្គការដោះមីនកម្ពុជា (CSHD) ចំនួន ៣នាក់ និងប្រជាពលរដ្ឋម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការផ្ទុះគ្រាប់មីន ពីរករណីខុសពីគ្នា នាភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។
ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នាថ្ងៃទី១០ មករា ឆ្នាំ២០២២ បានបញ្ជាក់ថា នាម៉ោងប្រមាណ ១១:៣០នាទីថ្ងៃត្រង់ ថ្ងៃ១០ មករា ២០២២ មានហេតុការផ្ទុះមីនតោនមួយករណីបានកើតឡើងនៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
គ្រោះថ្នាក់នេះបានបណ្តាលឲ្យបុគ្គលិកកំទេចគ្រាប់ (EOD) របស់អង្គការដោះមីនកម្ពុជា (CSHD) ៣នាក់ បានស្លាប់បាត់បង់ជីវិត និងបុគ្គលិកម្នាក់ទៀតបានរងរបួស ហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកងពល។
ហេតុការណ៍នេះបានកើតឡើងក្រោយអង្គការដោះមីនកម្ពុជាបានទទួលសំណើពីពលរដ្ឋរស់នៅភូមិសែនតេជៈ បានត្រឹមពីរថ្ងៃប៉ុណ្ណោះ អំពីរកឃើញគ្រាប់កាំភ្លើងមិនធាក់ថយ ៨២មម សរុបចំនួន១២គ្រាប់ នៅលើដីចម្ការរបស់ខ្លួន។ បន្ថែមលើនេះ ក្នុងថ្ងៃតែមួយ នាវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ ក៏មានប្រជាពលរដ្ឋមួយរូបទៀតរស់ក្នុងភូមិសែនតេជៈនេះ បានស្លាប់បាត់ជីវិតដោយសារការផ្ទុះគ្រាប់អំឡុងពេលដុតសម្អាតដីសម្រាប់ដាំដំឡូងក្នុងចម្ការរបស់ខ្លួនផងដែរ។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេររៀបរាប់លើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនអំពីករណីនេះ នាថ្ងៃទី១០ មករា ឆ្នាំ២០២២ ថា៖ «ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកើតឡើងតែប្រមាណ ២០នាទីប៉ុណ្ណោះ នៅភូមិនេះ(ភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ក៏មានករណីផ្ទុះគ្រាប់ស្លាប់ប្រជាពលរដ្ឋមួយរូបផងដែរ»។
លោក ហេង រតនា បានថ្លែងបញ្ជាក់ប្រាប់ EAC News ថា កន្លងមកក៏ធ្លាប់មានហេតុការណ៍មន្ត្រីដោះមីនដែលបំពេញការងារតាមបណ្តាអង្គការមួយចំនួន និងនៅ CMAC បានស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញការងារដោះមីនគ្រាប់មិនទាន់ផ្ទុះនេះដែរ។ ប៉ុន្តែលោកថា ប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាមិនធ្លាប់ជួបហេតុការនេះនោះទេ។
ក្នុងចំណោមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលមានសល់គ្រាប់មិនទាន់ផ្ទុះនៅឡើយ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យជាដើម ព្រះវិហារគឺជាខេត្តជាប់ចំណាត់ថ្នាក់នៅមានសេសសល់គ្រាប់មិនទាន់ផ្ទុះច្រើនជាងគេ។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានរៀបរាប់បន្ថែមថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន។ ជាពិសេសនៅពេលឃើញគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនានា សូមមេត្តារាយការមកអជ្ញាធរមូលដ្ឋាន ឬកងកម្លាំងប៉ូលិស កងកម្លាំងអ្នកដោះមីនដែលនៅក្បែរខ្លួនហ្នឹង ដើម្បីឱ្យគេជួយធ្វើការបោសសម្អាតជូន ជៀសវាងធ្វើខ្លួនឯង»។
តាមការរបញ្ជាក់បស់លោក លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន កាលពីថ្ងែទី១៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ លោកបានអះអាងថា បច្ចុប្បន្នផ្ទៃដីចម្ការមីនដែលនៅសល់ក្នុងប្រទេសកម្ពុជាមានប្រមាណ ៨០០ គីឡូម៉ែត្រក្រឡា។ សមិទ្ធផលការងារសម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨-២០២០កន្លងមក កម្ពុជាបានរំដោះផ្ទៃដីចំនួន ៤២១ គីឡូម៉ែត្រក្រឡា ស្មើនឹង ៦៦% នៃផែនការ៣ឆ្នាំ។ ក្នុងនោះរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៤៩ ២៥៦ គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ៩៥៦ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២២១ ៣៧២ គ្រាប់ ព្រមទាំងមានអ្នកទទួលផលចំនួនប្រមាណ ២ លាននាក់៕