បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ មានរៀបចំពិធីប្រកាសបន្ធូរបន្ថយទោសដល់ទណ្ឌិតជាជនជាតិខ្មែរចំនួន២៧នាក់ ពី៣ខែ និង៦ខែ។
ពិធីនេះមានការចូលរួម លោក គឹង វណ្ណ អភិបាលរងខេត្តបន្ទាយមានជ័យ, លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងលោក អ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យនិងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត ។
លោក អ៊ុង ស៊ីផាន បានមានប្រសាសន៍ថា ជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ សរុបមានចំនួនសរុប១.៥៧៧នាក់ ក្នុងនោះស្រីមានចំនួន៩៩នាក់ ជនត្រូវចោទមានចំនួន ២៤៩នាក់(ស្រី១១នាក់) ជនជាប់ចោទមានចំនួន២៤៩នាក់(ស្រីមានចំនួន១៧នាក់) ពិរុទ្ធជនមានចំនួន៧៧៣នាក់ (ស្រីមានចំនួន៤៦នាក់) ទណ្ឌិតមានចំនួន៣២៦នាក់(ស្រីមានចំនួន២៥នាក់) អនីតិជនមានចំនួន១២៥នាក់(ស្រី៦នាក់) ចាប់ចូលថ្មីមេខ្យល់មានចំនួន៧៤នាក់(ស្រី៧នាក់) ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារការងារកសិកម្ម សិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ៕